(នីស, បារាំង)៖ ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទ​លើក​ទី៣​​របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនោះ លោកប្រធានាធិបតីតាជីគីស្ថាន បានសម្តែងក្តីសោ​ម​នស្ស​រីករាយ​បានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត ដែលជាចំណែកជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​កា​ររវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតី បានរំឭកអំពីដំណើរទស្សន​កិច្ច​របស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅផងដែរ។

លោកប្រធានាធិបតីក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញ​គោល​ដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០ភាគរយ ត្រឹមឆ្នាំ​២០​៣៨។ លោកបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀង​សម្រាប់​បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

លោកប្រធានាធិបតីបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំ​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ទំនាក់ទំនងទ្វេភាគី​តាជី​គី​ស្ថាន-កម្ពុជា នឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត ដើម្បីជាឧត្តម​ប្រយោជន៍​ដល់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី បានលើកឡើងថា ជំនួបទ្វេភាគីនេះ​ជាឱកាសសម្រាប់​ការ​ស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជាមួយការពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខរបស់​សម្តេច​តេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា ជូនចំពោះលោកប្រធានាធិបតី, សម្តេច​មហា​បវរធិបតី បានគូសបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់​ទំនងនៃ​ប្រទេសទាំងពីរ ត្បិតនៅមានសក្តានុពលជាច្រើនដែល​អាចពង្រីក​កិច្ចសហ​ប្រតិ​បត្តិការជាមួយគ្នា។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី​ និងលោកប្រធានាធិបតី​​ ក៏បានពិភាក្សា​អំពី​ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូច​ជា៖ ថាមពលស្អាត, កសិកម្ម និង​ អប់រំ ជាដើម,​ និង បានអញ្ជើញបំពេញ​ទស្សន​កិច្ចផ្លូវការ​ ​ទៅវិញ​​ទៅមក​ នាពេលវេលាសមស្របខាងមុខ ព្រមទាំងបានប្រគល់​ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនង​ឱ្យ​កាន់​តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជា​សម្របសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទាំងពីរ៕