(ហ្សេរុយសាឡឹម)៖ កងទ័ពជើងទឹកអ៊ីស្រាអែល នៅថ្ងៃចន្ទនេះបានឡើងត្រួតត្រា និងរឹបអូសទូកសប្បុរសធម៌មួយគ្រឿង ដែលដឹកសកម្មជនអាកាសធាតុ នាង Greta Thunberg ខណៈទូកនេះព្យាយាមជម្នះការបិទផ្លូវសមុទ្រទៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥។
សម្ព័ន្ធ Freedom Flotilla Coalition ដែលរៀបចំការធ្វើដំណើរនេះ បាននិយាយថា គោលបំណងគឺដើម្បីផ្តល់ជំនួយជានិមិត្តរូប និងទាញចំណាប់អារម្មណ៍អន្តរជាតិមកលើវិបត្តិមនុស្សធម៌នៅហ្គាហ្សា។ នៅក្នុងវីដេអូដែលបានថតទុកជាមុន នាង Thunberg បានថ្លែងថា ប្រសិនបើវីដេអូនេះចេញផ្សាយ គឺមានន័យថាពួកគេ «ត្រូវបានស្ទាក់ចាប់ និងចាប់ពង្រត់»។ ទោះជាយ៉ាងណា ក្រសួងការបរទេសអ៊ីស្រាអែលបានហៅបេសកកម្មនេះថាជា «ការសម្តែង» និង «ទូក selfie របស់ពួកតារាល្បី»។
ភាគីអ៊ីស្រាអែលបានបញ្ជាក់ថា អ្នកដំណើរទាំង ១២នាក់ (ដែលរួមមានទាំងសមាជិកសភាអឺរ៉ុបបារាំង Rima Hassan) មានសុវត្ថិភាព ហើយកំពុងត្រូវបាននាំទៅកាន់កំពង់ផែអ៊ីស្រាអែល ដើម្បីត្រៀមបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។
គួរបញ្ជាក់ថា ការដាក់បញ្ចូលសកម្មជនល្បីឈ្មោះលំដាប់អន្តរជាតិដូចជាលោកស្រី Greta Thunberg នៅក្នុងបេសកកម្មនេះ គឺជាយុទ្ធសាស្ត្រមួយដើម្បីបង្កើនសម្ពាធការទូត និងទាញចំណាប់អារម្មណ៍ពិភពលោកឲ្យកាន់តែខ្លាំងមកលើការបិទផ្លូវរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ៕