(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ សាប៊ី ពិន្ថា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តមកិត្តិនីតិកោសល ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា នឹងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភា ដែលទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៖៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យរៀបចំតាមប្រពៃណីនៅភូមិគ្រឹះលេខ៨៩១ ផ្លូវលេខ ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីអគ្គលេខាធិការ បាននាំយកនូវសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលមានខ្លឹមសារថា «មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសល ម៉ុម ជឹមហ៊ុយ គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ដ៏ថ្លៃថ្លា ដែលបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ ឱវាទល្អៗចំពោះកូន ចៅ និងក្រុមគ្រួសារ រហូតក្លាយជាបញ្ញវន្ត ជាឥស្សរជនជាន់ខ្ពស់ ដែលជាមូលធនមនុស្ស ដ៏សំខាន់សម្រាប់សង្គមជាតិ និងមនុស្សធម៌។ ការលាចាកក្នុងលោកនេះរបស់ ឯកឧត្តមកិត្តិនីតិកោសល គឺជាការបាត់បង់នូវឥស្សរជននយោបាយមួយរូបរបស់កម្ពុជា ដែលធ្លាប់បានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួមចំណែកបម្រើភារកិច្ចក្នុងស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ ដើម្បីរួមចំណែកស្តារ កសាង និងការអភិវឌ្ឍ ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ»

ក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសល់ ម៉ុម ជឹមហ៊ុយ សូមបានទៅកាន់សុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕