(ភ្នំពេញ)៖ តបតាមការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, មូលនិធិ CTN ទ្រទ្រង់កងទ័ពការពារជាតិនៃក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី៨ ខែមិថុនានេះ បានប្រកាសចាប់ផ្តើមកៀរគរថវិកាជួយដល់កងទ័ព ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុុជា-ថៃ។
ការបង្កើតមូលនិធិទ្រទ្រង់កងទ័ពការពារជាតិនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព តាមរយៈប្រព័ន្ធធនាគារវីង ហើយថវិកាដែលប្រមូលបាន នឹងយកទៅជួយទ្រទ្រង់ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន។
តាមរយៈការបង្កើតមូលនិធិនេះដែរ ទូរទស្សន៍ CTN ក៏នឹងធ្វើការផ្សាយផ្ទាល់ពិសេសជាបន្តបន្ទាប់ ដោយមានវត្តមានសិល្បករសិល្បការិនី ពីសមាគមសិល្បករខ្មែរ ចូលរួមគាំទ្រយ៉ាងសកម្មផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ ជាងនេះទៅទៀត នៅអំឡុងនៃការធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាជ ក៏បានអំពាវនាវដល់ស្ថានីយទូរទស្សន៍ និងវិទ្យុ បង្កើតជាមូលនិធិទ្រទ្រង់កងទ័ពការពារជាតិ ដូចកាលឆ្នាំ២០០៨ ២០០៩ ២០១០ និង២០១១។
គួររំលឹកថា កាលពីឆ្នាំ២០០៨ ក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង បានបង្កើតមូលនិធិ CTN ដើម្បីប្រមូលថវិកាជួយដល់កងទ័ពដែលកំពុងឈរជើង ការពារដែនអធិបតេយ្យភាពនៅតាមបន្ទាត់ព្រំដែនកម្ពុុជា-ថៃ ជាពិសេស គឺជួយទ្រទ្រង់ទៅដល់តំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី៕