(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរូមចំណែករបស់ក្រុមហ៊ុនលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់រហូតមក និងស្នើសុំបន្តជួយ ព្រមទាំងស្នើពិនិត្យលទ្ធភាពពង្រីកបន្ថែមទៀត តាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត៕