(ឧត្តរមានជ័យ)៖ ច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកដំណើរការជូនប្រជាពលរដ្ឋជាប់ព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃ ធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។
នៅព្រឹកថ្ងៃនេះ គេសង្កេតឃើញច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ភាគីថៃបានបើកច្រកនៅវេលាម៉ោង ៨ព្រឹក ដោយឡែកភាគីកម្ពុជាដោយអនុវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបើកច្រកទាំង២នេះនៅវេលាម៉ោង ៩ព្រឹក។
សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ មុនព្រឹត្តិការណ៍ប៉ះទង្គិចដោយអាវុធនៅមុំបី គឺច្រកនេះបើកជារៀងរាល់ថ្ងៃ និងបិទនៅវេលាម៉ោង១០យប់។ ក្រោយព្រឹត្តិការណ៍ នៅមុំបី ច្រកទាំង២នេះ ត្រូវបានភាគីថៃសម្រេចជាឯកតោភាគី បើកឱ្យដំណើរការក្នុង១សប្តាហ៍ចំនួន ៣ថ្ងៃ គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង០៨.០០នាទីព្រឹក ដល់ម៉ោង០៣.០០នាទីរសៀល៕