(ព្រៃវែង)៖ លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមប្រតិបត្តសាខាលោក យាវ សានិន ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំពង់ត្របែក និងអ្នកស្ម័គ្រចិត្តភូមិ ចុះពិនិត្យទីតាំងសាងសង់ផ្ទះ និងប្រគល់កង់អាគុយចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់កូនៗ របស់លោកអនុសេនីយ៍ត្រី គីម សារី ដែលបម្រើការងារកងពលលេខ៩ ប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ ជាស្វាមីរបស់សពស្រី្តមានផ្ទៃពោះ ទទួលមរណភាពដោយសារជំងឺ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា និងពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែខ្វាយខ្វល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកអនុសេនីយ៍ត្រី គីម សារី បានសម្តែងការថ្លែងនូវអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក។ បន្ថែមពីនេះ លោកអនុសេនីយ៍ត្រី គីម សារី ក៏បានថ្លែងអំណរគុណដល់លោក អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា និងលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា៕