(ពោធិ៍សាត់)៖ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំវីដេអូសិប្បនិម្មិតខេត្ត បានអនុញ្ញាតឱ្យលោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិការងាររបស់ខ្លួន។
នៅក្នុងជំនួបនេះ លោក ហៀម ឃួន អភបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ របស់លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា រយៈពេល៣ឆ្នាំ និង៥ខែ ជាពិសេសក្នុងកិច្ចសហប្រតិបិត្តការល្អ ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់។ លោកក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់លោក ង្វៀន ថាញ់វ៉ាន់ ក្នុងការបម្រើផលប្រយោជន៍រួម នៃប្រទេសទាំងពីរ ក៏ដូចជាការចូលរួមចំណែក ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានចំណាយពេលទទួលជួប និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងរយៈពេលកន្លងមក។
លោកអគ្គកុងស៊ុល បានសម្ដែងនូវចំណាប់អារម្មណ៍ និងបទពិសោធន៍ល្អៗជាច្រើន ដែលទទួលបានក្នុងអំឡុងពេលបម្រើការងារនៅកម្ពុជា រយៈពេល៣ឆ្នាំ និង៥ខែ ជាពិសេសនៅខេត្តបាត់ដំបង ព្រមទាំងជាមួយខេត្តមួយចំនួន ដូចជាខេត្តពោធិ៍សាត់។ លោកក៏បានបង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងល្អនេះ នឹងបន្តរីកចម្រើនទៅមុខទៀត បើទោះបីជាលោកបានបញ្ចប់អាណត្តិការងារក៏ដោយ។
សូមជម្រាបជូនថា ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅ ដែលបានបង្ហាញពីទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរមូលដ្ឋាន៕