(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្តេជ្ញាថានឹងដាក់សម្ពាធ ឱ្យមានការដោះដូរអ្នកទោសជាមួយរុស្ស៉ី ហើយថាការបរាជ័យណាមួយដោយទីក្រុងមូស្គូ ក្នុងការរក្សាកិច្ចព្រមព្រៀងមនុស្សធម៌ នឹងបង្កជាការសង្ស័យលើការខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីបិទបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥។
ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា អ៊ុយក្រែន មិនទាន់ទទូលបានបញ្ជីអ្នកទោសដែលត្រូវដោះលែង ក្រោមកិច្ចព្រមព្រងដែលសម្រេចបានពីកិច្ចចរចា នៅឯតួកគីយ៉េនោះទេ។ លោកបញ្ជាក់ដូច្នេះថា «ប្រសិនបើរុស្ស៉ី មិនគោរពកិច្ចព្រមព្រៀង សូម្បីតែនៅក្នុងបញ្ហាមនុស្សធម៌ នោះវានឹងនាំឱ្យមានការសង្ស័យលើកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងដោយសហរដ្ឋអាមេរិក ទាក់ទងនឹងដំណោះស្រាយតាមមធ្យោបាយការទូតផងដែរ»។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធលើអ៊ុយក្រែន និងរុស្ស៉ី ឱ្យឈានទៅរកដំណោះស្រាយស្តីពីសង្រ្គាម។ អ៊ុយក្រែនគាំទ្រការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ខណៈរុស្ស៉ីថាលក្ខខណ្ឌមួយចំនួនត្រូវតែបំពេញជាមុនសិន៕