(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចចរចារវាងមេទ័ពកម្ពុជា និងថៃ ឈានទៅកែសម្រួលកម្លាំងទ័ពនៅតំបន់ជម្លោះ។ សម្តេចតេជោ ចាត់ទុក ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ បញ្ជៀសការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។
សម្តេចតេជោ បានបញ្ជាក់លើបណ្តាញសង្គមដូចខាងក្រោម៖
ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាង មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។
ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់ រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ នៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។
សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
Adjusting military forces in conflict-prone areas through mutual understanding between the military commanders of both Cambodia and Thailand is essential to avoid large-scale violent clashes. The people of both Cambodia and Thailand genuinely desire lasting peace and do not wish to see war.
Efforts to find a resolution through dialogue have taken place at all levels — from the government to frontline military commanders — and are now bearing fruit.
To our fellow citizens, please place your trust in the government’s commitment to resolving conflicts through peaceful means, which remains the only viable path to avoiding bloodshed and fostering friendship and effective cooperation with our neighboring country.
សូមបញ្ជាក់ថា នៅថ្ងៃនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ មេទ័ពកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។
តាមជំនួបនោះភាគីទាំងពីរ បានព្រមព្រៀងឱ្យយោធានៅតំបន់មុំ៣ កន្លែងផ្ទុះអាវុធជួបគ្នា៣ដងក្នុងមួយសប្តាហ៍ ម្ខាង៧នាក់ ដោយគ្មានអាវុធ៕