(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នានៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក លោកស្រី តំណាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ បុគ្គលិកសិក្សា និងប្អូនៗនិស្សិតចំនួន ៣៧៥ អង្គ/នាក់ ដែលជានិស្សិតជំនាន់ទី៤ ឆ្នាំទី២ ផ្នែកវិស្វកម្មសំណង់ មុននឹងដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតំបន់ឆ្នេរ។

ក្រោមកិច្ចសហការសម្របសម្រួលពី ក្រសួងទេសចរណ៍ យុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង មានគោលបំណង ជំរុញចលនាទេសចរណ៍របស់និស្សិតក្នុងរដូវកាលបៃតង (Green Season) ទៅកាន់តំបន់គោលដៅទេសចរណ៍នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការចូលរួមយុទ្ធនាការនេះ ដំណើរទស្សនកិច្ចខាងលើ ក៏បានជួយលើកកម្ពស់ការអប់រំ តាមរយៈការពង្រឹងចំណេះដឹងរបស់និស្សិតក្នុងមុខជំនាញរបស់ខ្លួន និងការងារសង្គម ព្រមទាំងការបំផុសគំនិតយុវជនឲ្យស្រឡាញ់ និងយល់ដឹងពីភាពសម្បូរបែបនៃជីវៈចម្រុះ ភាពល្អប្រណីតនៃឆ្នេរសមុទ្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។

សូមជម្រាបថា ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែមិថុនា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ (រយៈពេល ២យប់ ៣ថ្ងៃ) ដែលឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត៕