(កំពង់ចាម)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៣០០នាក់ ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន២,១៣២នាក់ នៅវិទ្យាល័យកោះសូទិន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន និងជាតំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់លោក សា ស៊ីថា អភិបាលរង តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រី ជាក្រុមការងារ អាជ្ញាធរមូលដ្ឋាន យុវជនស.ស.យ.ក កាកបាទក្រហមជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក ហែម សុវត្ថិ បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺដើម្បីលើកម្ពស់សុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅក្នុងឃុំដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ពីព្រោះថាបើមានជំងឺឈឺថ្កាត់ ត្រូវទៅកាន់ពេទ្យ ត្រូវការចំណាយប្រាក់ ត្រូវការចំណាយពេលវេលា មិនបានទៅធ្វើការ ទៅរៀនសូត្រ រកស៊ី ឬធ្វើស្រែចំការនោះទេ។

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះសូទិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្មគ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃពីការងាររបស់ខ្លួន ចូលរួមចុះដល់មូលដ្ឋានផ្ទាល់របស់ប្រជាជន ហើយនាំមកនូវសម្ភារ:វេជ្ជសាស្រ្ត ថ្នាំពេទ្យល្អៗ និងគ្រូពេទ្យជំនាញៗពិនិត្យ និងព្យាបាលដល់បងប្អូន ហើយលោកបានសន្យាជាមួយប្រជាជនថា សុខទុក្ខរបស់ប្រជាពលរដ្ឋជាសុខទុក្ខរបស់លោក ហើយសន្យានឹងបន្តសហការជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដើម្បីចុះពិនិត្យ និងព្យាបាលជូនជាបន្តបន្ទាប់ទៀត។

យោងតាមរបាយការណ៍របស់លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបញ្ជាក់ថាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងជាប្រធានស.ស.យ.ក និងលោកស្រី តាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ននេះ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក មានសមាជិកជាង១ម៉ឺននាក់ ដែលមានសុទ្ធតែសាស្រ្តាចារ្យ សាស្រ្តាចារ្យរង វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី ឆ្មប គិលានុបដ្ឋាកជំនាញៗ បានចុះបេសកកម្មទូទាំងប្រទេស ជាពិសេសបានចូលប្រឡូកជាក្រុមគ្រូពេទ្យយ៉ាងសកម្មក្នុងដំណាក់កាលនៃការរីករាតត្បាតជំងឺកូវីដ១៩ ព្រមទាំងមានកិច្ចសហការល្អពីបណ្តាមន្ទីរពេទ្យ អង្គភាពវេជ្ជសាស្រ្តធំៗនៃប្រទេសជាមិត្តដូចជាចិន បារាំង អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េ សឹង្ហបុរី និងវៀតណាម ជាដើមក្នុងការចូលរួមចំណែកពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។

ជាក់ស្តែងក្នុងបេសកកម្មនៅស្រុកកោះសូទិនលើកនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្តបានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដែលផ្តល់ជូនរួមមានជំងឺទូទៅ ពិនិត្យបឋម និងវាស់សំពាធឈាម ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង អេកូបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ផ្តល់វ៉ែនតាតាមដឺក្រេភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក បំពាក់ឧបករណ៍ជំនួយការស្តាប់ ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្រ្តី និងពិនិត្យផ្ទៃពោះ អេកូសាស្រ្ត មន្ទីរពិសោធន៍ចល័ត អប់រំសុខភាពសាធារណ:អប់រំសុខភាពកុមារ ចែកអាហារូបត្ថម្ភដល់សិស្សក្រោមពាក្យស្លោកសុខទុក្ខកូនៗ ជាសុខទុក្ខប៉ាម៉ានី ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ប្រជាពលរដ្ឋ ជាពិសេសលោកតា លោកយាយដែលបានចូលរួមបានសម្ដែងនូវសេចក្តីសប្បាយរីករាយ ថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី, លោក ហែម សុវត្ថិ ដែលបានចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញៗ មានសម្ភារ:បរិក្ខារវេជ្ជសាស្រ្ត និងថ្នាពេទ្យល្អៗមកពិនិត្យ ព្យាបាល វះកាត់ជូនពួកគាត់ដោយឥតគិតថ្លៃដល់មូលដ្ឋាន និងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតំបន់ជនបទ និងសូមសំណូមពរឲ្យមានកម្មវិធីនេះ ជារៀងរាល់ឆ្នាំផងដែរ៕