(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយដើម្បី​ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើក​ទី៣ (UNOC3) ដែលរៀបចំធ្វើឡើងនៅទីក្រុងនីស ប្រទេសបារាំង។

ដំណើរអញ្ជើញចូលរួមសន្និសីទនេះ ធ្វើឡើងតបតាមការអញ្ជើញ​របស់​លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

សន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើក​ទី៣ នឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការ​ពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហា​សមុទ្រប្រកបដោយចីរភាព»។

ថ្នាក់ដឹកនាំអញ្ជើញអមដំណើរសម្ដេចមហាធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងសន្និសីទខាង​លើ​នេះ សម្ដេចមហាធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិនៅក្នុងកិច្ចពិភាក្សា ទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម​របស់​កម្ពុជាពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការ​អភិវឌ្ឍ​ប្រកបដោយចីរភាព។

សម្ដេចមហាបវរធិបតី នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានា​នៅ​អំឡុង​ពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការ​ប្ដេជ្ញា​ចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។

ការចូលរួមរបស់កម្ពុជាក្នុងសន្និសីទនេះ បញ្ជាក់ពីការយកចិត្តទុកដាក់​យ៉ាង​មុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយ​បញ្ហា​ប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកប​ដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ ស្របតាមគោល​ដៅ​អភិ​វឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ គឺជីវិតក្រោមទឹក៕