(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងបរិបទពិភពលោកកំពុងរស់នៅយ៉ាងស៊ីវិល័យនៃសម័យទំនើបនេះ, បើយើងពោលអំពីគោលជំហរនយោបាយចាស់ទុំ និងយុទ្ធសាស្រ្ដដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយបានលើកយកបញ្ហាជម្លោះដ៏រ៉ាំរ៉ៃដែលបង្កទ្បើងពីភ្លើងជាតិនិយមជ្រុលថៃ និងការបង្កភ្លើងសង្រ្គាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យកម្ពុជាម្ដងហើយម្ដងទៀតនៅប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយ​នៅតុលាការ​យុត្ដិធម៌អន្តរជាតិ ICJ ជាមួយនឹងប្រទេសថៃ បានធ្វើឲ្យសាធារណៈមតិជាតិនិងអន្ដរជាតិ មានអំណរសាទរនិងពេញចិត្ដយ៉ាងប្រពៃថ្លៃថ្លា។

នេះសឲ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្ដេចបវរធិបតី បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវនយោបាយស្រទ្បាញ់សន្ដិភាព ដើម្បីភាពសុខដុមរមនារវាងប្រជាជាតិទាំងពីរខ្មែរ-ថៃ ទាំងបច្ចុប្បន្ននិងអនាគតតរៀងទៅ។ ព្រោះសម្ដេចបវរធិបតី មានទស្សនវិស័យវែងឆ្ងាយនិងច្បាស់លាស់មិនចង់ទុកឲ្យជម្លោះដ៏រ៉ាំរ៉ៃដែលបង្កទ្បើងពីភ្លើងជាតិនិយមជ្រុលថៃ នឹងការបង្កភ្លើងសង្រ្គាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យកម្ពុជា ដដែលៗ រហូតទៅដល់កូនចៅជំនាន់ក្រោយគ្រប់ៗជំនាន់ទ្បើយ។

បើពោលឲ្យចំ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកការដោះស្រាយវិវាទ នៅប្រាសាទតាមាន់ធំ,ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្ដិធម៌អន្ដរជាតិICJ បន្ទាប់ពីទាហានថៃ បានលួចបាញ់សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​ ឈានដល់ការផ្ទុះអាវុធដាក់គ្នាមួយរយៈពេលខ្លី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ២០២៥ កន្លងមកនេះ គឺជាទឹកអម្រឹតដ៏ស័ក្ដិសិទ្ធិបំផុតដើម្បីពន្លត់ភ្លើងជាតិនិយមជ្រុលថៃនិងការបង្កភ្លើងសង្រ្គាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យកម្ពុជា។

ទន្ទឹមនឹងនេះក្នុងពេលកម្ពុជា ពោរពេញដោយភាពចាស់ទុំនយោបាយ, ការទូត, យោធា ដោយប្រកាន់យកនយោបាយដោះស្រាយដោយសន្ដិវិធីតាមយន្ដការតុលាការយុត្ដិធម៌អន្ដរជាតិ ICJ និងច្បាប់អន្ដរជាតិ ស័ក្ដិសមជាប្រទេសមានអរិយធម៌រៀមច្បងក្នុងតំបន់ រីឯថៃវិញ បានប្រើយុទ្ធសាស្រ្ដនិងកលល្បិចសំទ្បុតគម្រាមកំហែងទាំងកម្រោល អំនួតអួតក្អេងក្អាងដោយបិតព្រំដែនជាឯកតោភាគី និងសម្ញែងនូវអាវុធយុទ្ធភណ្ឌសព្វបែបយ៉ាងក្នុងចេតនាបង្កភ្លើងសង្រ្គាម ដើម្បីបំពេញមហិច្ឆិតាឲ្យភ្លើងជាតិនិយមជ្រុលថៃ ក្នុងចេតនាឈ្លានពានដោយប្រើកម្លាំងយោធាថៃ មកលើអធិបតេយ្យកម្ពុជា បានធ្វើឲ្យសាធារណៈមតិមានការចោទសួរថា តើហេតុអ្វីបានជាថៃ ទាត់ចោលតុលាការយុត្ដិធម៌អន្ដរជាតិICJ និងច្បាប់អន្ដរជាតិ?

លោក រ័ត្ន សណ្ដាប់ យល់ថា ក្នុងរបៀបដោះស្រាយទំនាស់ប្រកាន់បែបហិង្សារបស់ថៃ ដោយបិតព្រំដែនទាំងកម្រោលជាឯកតោភាគីរបស់ថៃ និងប្រើកម្លាំងទ័ព ដើម្បីរំលោភបំពានមកលើអធិបតេយ្យកម្ពុជា ស្ថិតក្រោមរូបភាពឈ្លានពានរបស់ថៃ ហៅថា "ប្រតិបត្តិការ​កម្រិត​ខ្ពស់" ក្នុងចេតនាដើម្បីដណ្ដើមយកប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ដោយថៃ បានគំរាមប្រើច្បាប់ព្រៃនាពេលនេះ គឺថៃ មិនមែនជាសង្គមមានភាពស៊ីវិល័យទ្បើយ។

ព្រោះទង្វើឈ្លានពានដោយប្រើកម្លាំងបាយយោធារបស់ថៃ ដោយរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាទាំងកម្រោល ដោយទាត់ចោលតុលាការយុត្ដិធម៌អន្ដរជាតិICJ និងច្បាប់អន្ដរជាតិនេះ មិនខុសពីទង្វើរបស់ អាដុល ហ៊ីត្លែ- Adolf Hitler ជាអ្នកដឹកនាំផ្តាច់ការណាស៊ីសដ៏សាហាវយង់ឃ្នង់បំផុតលើពិភពលោក ដែលបានហែកផែនទីអន្ដរជាតិ និងបានគូសផែនទីខ្លួនឯងជាឯកតោភាគី រួចប្រើកម្លាំងយោធា ធ្វើការរំលោភពាននៅតំបន់អឺរ៉ុបទាំងកម្រោលយ៉ាងដូច្នោះដែរ។

បើនិយាយអំពីសាវតារភ្លើងជាតិនិយមជ្រុលថៃ និងមហិច្ឆិតាឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យកម្ពុជានេះទៀតសោត ចាប់តាំងពីបដិវត្តន៍ឆ្នាំ ១៩៣២មក អំណាចយោធាថៃ ជាមជ្ឈមណ្ឌលនៃអំណាចពិតប្រាកដ ដែលលាក់ខ្លួននៅពីក្រោយបល្ល័ង្ក គឺអំណាចរបស់យោធាថៃមិនមានដែនកំណត់ទ្បើយ។ យោធា ជាអ្នកគ្រប់គ្រងអាជីវកម្មធំៗ និងជាចៅហ្វាយនាយនៅពីលើអ្នកនយោបាយ គឺដូចជាម៉ាស៊ីនបង្កើតទ្រព្យសម្បត្តិសម្រាប់ពួកឧត្តមសេនីយ៍ ក្នុង​ព្រឹត្តិការណ៍​ទំនងជាមាន​សង្គ្រាម​ជាមួយ​នឹងប្រទេស​ជិតខាងណាមួយ​។

ដូច្នេះចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់យកការដោះស្រាយវិវាទប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្ដិធម៌អន្ដរជាតិICJ និងអន្ដរជាតិ បន្ទាប់ពីទង្វើឈ្លានពានរបស់ថៃ នាពេលនេះ មិនខុសពីលំអានប្រវត្ដិសាស្រ្ដដែលថៃ បានឈ្លានពានមកលើប្រាសាទព្រះវិហារ ទាំងពីរលើកកាលពីអតីតកាលយ៉ាងដូច្នោះដែរ៕