(ព្រះសីហនុ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានរម្លឹកបន្ថែមដល់ក្រុមគ្រូពេត្យទាំងអស់ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ និងនិយាមប្រតិបត្តិវិជ្ជាជីវៈវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល និងខិតខំរៀនសូត្របន្តចំណេះដឹងរបស់ខ្លួន ដើម្បីពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព និងសមធម៌។
លោកសាស្ត្រាចារ្យ ឡឹម តារា បានក្រើនរម្លឹកបែបនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១០ ខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីវិជ្ជបណ្ឌិត នៅខេត្តព្រះសីហនុចូលរួមដោយផ្ទាល់ចំនួនប្រហែល២០០នាក់ និងចូលរួមតាមប្រព័ន្ធ Zoom ចំនួន១០០០ នាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ។
លោកសាស្ត្រាចារ្យ បានបន្តថា ស្របពេលដែល រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដូច្នេះ ក្នុងបានជាក្រុមគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ ត្រូវបន្តអនុវត្តនៅគោលនយោបាយសុខមាលភាពសង្គម បម្រើប្រជាពលរដ្ឋប្រកបដោយសមភាព។
ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានកោតសរសើរ នឹិងវាយតម្លៃខ្ពស់ចំពោះគណៈគ្រូពេទ្យខេត្តព្រះសីហនុ ដែលបានខិតខំអនុវត្តតួនាទីភារៈកិច្ចនាពេលកន្លងមកបានល្អ។ លោកបានណែនាំបន្ថែមដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការចុះបញ្ជីដល់ក្រុមគ្រូពេទ្យដែលប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវមានអាជ្ញាបណ្ណវេជ្ជសាស្រ្តគ្រប់ៗគ្នាទាំងសាធារណៈ ក៏ដូចជាផ្នែកឯកជន ដើម្បីឱ្យពួកគាត់មានសិទ្ធិពេញលេញក្នុងការអនុវត្តកិច្ចការរបស់ខ្លួនក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនដោយស្របច្បាប់ព្រោះថា នៅក្នុងខេត្តព្រះសីហនុ នៅមានគ្រូពេទ្យ មួយចំនួនតូចបានកំពុងបម្រើសេវាសុខាភិបាលក្នុងខេត្តដោយមិនទាន់បានមកចុះបញ្ជីកា និងទទួលអាជ្ញាបណ្ណវេជ្ជសាស្រ្ត ប្រកប វិជ្ជាជីវៈវេជ្ជសាស្រ្តនៅឡើយដែលជាករណីខុសច្បាប់ ទាំងនេះគណគ្រូពេទ្យត្រូវតែ អញ្ជើញម្ចាស់ទីតាំងមកអប់រំណែនាំពន្យល់ឱ្យពួកគាត់បានយល់ បើមិនអនុវត្តតាមការណែនាំទេ និងមានវិធានការតាមផ្លូវច្បាប់ជាដាច់ខាត។
លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ក្នុងនាមជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ដោយលើកឡើងថា គណៈគ្រូពេទ្យខេត្តបានជំរុញការបន្តសុពលភាពរបស់សមាជិកឱ្យកាន់តែល្អ ស្របតាមសេចក្តីណែនាំ និងបទបញ្ជាផ្ទៃក្នុងរបស់គណៈគ្រូពេទ្យជាតិ។ បន្តជំរុញក្រុមការងារឱ្យចុះត្រួតពិនិត្យស្ថានភាពប្រកបវិជ្ជាជីវៈវិជ្ជសាស្ត្រ នៃអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រសុខាភិបាលនៅក្នុងខេត្តព្រះសីហនុ ឱ្យបានកាន់តែប្រសើរជាងមុន ដោះស្រាយនូវរាល់បាតុភាពជាយថាហេតុនៅតាមបណ្តាមូលដ្ឋានសុខាភិបាលសាធារណៈ និងសេវាឯកជន។ លទ្ធផលជាវិជ្ជមាននេះ គឺពិតជាបានមកពីការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់របស់គណៈគ្រូពេទ្យជាតិ និងមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ។
ក្នុងឆ្នាំ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរសុខាភិបាល និង មន្ទីរ អង្គភាព ពាក់ព័ន្ធនៅក្នុងខេត្ត ចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាល ឯកជននៅខេត្តព្រះសីហនុ បានចំនួន៖ ១៥៨ទីតាំង។ គ្រូពេទ្យដែលបានសុំចុះបញ្ជីការក្នុងឆ្នាំ ២០២៥ សរុបមានចំនួន២៤៦នាក់ គ្រូពេទ្យខ្មែរ ២១៣នាក់បរទេស៣៣នាក់។ គ្រូពេទ្យដែលបានសុំអាជ្ញាប័ណ្ណ ចំនួន ១៩៣នាក់ អាជ្ញាបណ្ណមិនពិនិត្យព្យាបាលជំងឺចំនួន២នាក់ គ្រូពេទ្យដែលបានបន្តសុពលភាពអាជ្ញាបណ្ណមាន១១០នាក់ (បរទេស១១នាក់)។ គ្រូពេទ្យដែលមិនទាន់បានបន្តសុពលភាពអាជ្ញាបណ្ណមាន ១២នាក់ គ្រូពេទ្យដែលមិនទាន់បានសុំអាជ្ញាបណ្ណវេជ្ជសាស្ត្រមាន១៣នាក់។
ប្រធានគណៈគ្រូពេទ្យខេត្តព្រះសីហនុ បានថ្លែងអំណរដល់វាគ្មិនដែលអញ្ជើញមកពីរាជធានីភ្នំពេញ ក៏ដូចជាវាគ្មិននៅខេត្តព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យដែលចូលរួមដោយផ្ទាល់ និងចូលរួមតាមប្រព័ន្ធ Zoom ផងដែរ៕