(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃ បានកំណត់ឱ្យប្រជាពលរដ្ឋខ្មែរ ចូលប្រទេសរបស់ខ្លួន ត្រឹមពេល៧ថ្ងៃ ខុសពីរាល់ដងរហូតដល់៦០ថ្ងៃ។
ជាការឆ្លើយតបកម្ពុជា ក៏បានកំណត់សម្រាប់ការចូលរបស់ប្រជាពលរដ្ឋថៃ តែ៧ថ្ងៃដូចគ្នា។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃ បានវៃត្រាលើលិខិតឆ្លងដែន របស់ប្រជាពលរដ្ឋខ្មែរ ដែលចូលដីថៃ កំណត់ឱ្យចូលត្រឹមតែ ៧ថ្ងៃទេ ដែលខុសពីរាល់ដង គឺរហូតទៅដល់៦០ថ្ងៃ ដូច្នេះ រាល់ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅក្នុងទឹកដីថៃ ដល់ពេលកំណត់ត្រូវមកវៃត្រាឡើងវិញ។
លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ទៀតថា ជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងយោងតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ កម្ពុជា ក៏បានកំណត់រយៈពេល ៧ថ្ងៃដូចគ្នា រាល់ពលរដ្ឋថៃ ដែលឆ្លងដែនចូលមកប្រទេសកម្ពុជា ដូច្នេះ នៅពេលដែលផុតកំណត់ត្រូវទៅវាយត្រាលើលិខិតឆ្លងដែនឡើងវិញ។
សូមបញ្ជាក់ថា យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។ ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។
ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។
យោធាថៃ បានបើកច្រកឱ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឱ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា៕