(ព្រះវិហារ)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេន វត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទព្រះវិហារ) ដើម្បីផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដែលគង់នៅក្នុងវត្ត ព្រមទាំងរថយន្ត ១គ្រឿង សម្រាប់ព្រះសង្ឃនិមន្តទេសនា ប្រោះព្រំដល់កងទ័ព ប្រជាជន ឬទីកន្លែងនានា និងបម្រេីកិច្ចការងារផ្សេងៗនៅក្នុងវត្ត។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជា ថ្វាយព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដរាបរៀងមក។

ជាមួយគ្នានោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក៏បានវេរប្រគេននូវទេយ្យវត្ថុមួយចំនួនធំជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់វត្តកែវសិក្ខាគិរីស្វារៈ មានដូចជា៖ អង្ករ ១តោន, មី ២០កេស, ត្រីខ ៥កេស, ត្រីងៀត ១កន្ត្រក (ស្មើនឹង ១០គីឡូក្រាម), សាច់ក្រក ២កន្ត្រក (ស្មើនឹង ១០គីឡូក្រាម), ផ្លែប៉ោម ១កេស, ផ្លែទំពាំងបាយជូ ១កេស, ផ្លែក្រូចឃ្វិច ២កេស, ទឹកសុទ្ធ ២០កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ១០កេស, មៀនកំប៉ុង ៥កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, ស្ករសរ ១បាវ (ស្មើនឹង ២៥គីឡូក្រាម), តែក្ងោក ១ដុំ (ស្មើនឹង ៥០០ក្រាម), ទឹកស៊ីអ៊ីវ ២០យួរ, រថយន្តភីកអាប់ Ford Ranger ១ គ្រឿង និងបច្ច័យ ២០.០០០.០០០រៀល។

ក្នុងនោះប្រគេនព្រះចៅអធិការវត្ត នូវ សាដក ១ និងបច្ច័យ ២លានរៀល។ ប្រគេនព្រះសង្ឃ ៥អង្គ ក្នុង១អង្គៗ នូវ សាដក ១ និងបច្ច័យ ១លានរៀល។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក៏បានជូនឃីត (សារុង ក្រមា មុង ភួយ) និងថវិកាមួយចំនួនដល់លោកតាអាចារ្យ និងលោកតា-លោកយាយ រួមទាំងពុទ្ធបរិស័ទជាច្រើនទៀតផងដែរ។

នាឱកាសនេះដែរ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានប្រគេនពរដល់ព្រះសង្ឃ គ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អបរិបូរណ៍ ដើម្បីបន្តទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យគង់វង្សតទៅ។

ទន្ទឹមនឹងនោះ ព្រះគ្រូចៅអធិការវត្ត បានសម្ដែងនូវទឹកចិត្ដដ៏រីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត។

ជាមួយគ្នានោះព្រះចៅអធិការវត្ត ក៏បានចម្រើនសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមឱ្យព្រះរាជាណាចក្រកម្ពុជា ជួបប្រទះតែនឹងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍៕