(ភ្នំពេញ)៖ តំណាងគ្រួសារសពលោក អ៊ុំ ញ៉ាញ់ អតីតសមាជិករដ្ឋសភាមណ្ឌលភ្នំពេញ និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិ បានចេញសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ថ្នាកដឹកនាំស្ថាប័ននានា និងឥស្សរជនជាន់ខ្ពស់ ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ។
ក្នុងសារលិខិត បានសរសេរថា «នាងខ្ញុំ ព្រមទាំងក្រុមគ្រួសារសព សូមគោរពថ្លែងអំណរគុណជាអតិបរមាជូនដល់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមពិធីបុណ្យសព ឯកឧត្តម អ៊ុំ ញ៉ាញ់ អតីតសមាជិករដ្ឋសភាមណ្ឌលភ្នំពេញ និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិ ដែលបានធ្វើមរណកាលទៅ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក៏ដូចជាបានចូលរួមជូនដំណើរបូជាសពតាមប្រពៃណីជាលើកចុងក្រោយនៅវត្តព្រែកប្រា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដែលជាពេលវេលាដែលឯកឧត្តម អ៊ុំ ញ៉ាញ់ ជាស្វាមី ជាឪពុក និងជាជីតា បានលាចាកផែនពសុធា និងលាចាកភរិយា កូនចៅជាទីស្រឡាញ់ និងញាតិមិត្តជិតឆ្ងាយ រួមនិងថ្នាក់ដឹកនាំ មិត្តរួមការងារ ជារៀងរហូតហើយ។
តាងនាមឱ្យក្រុមគ្រួសារនៃសព អ៊ុំ ញ៉ាញ់ និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ មេត្តាទទួលនូវភក្តីភាពយ៉ាងស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីក្រុមគ្រួសារនាងខ្ញុំ»៕