(ភ្នំពេញ)៖ នាយប់ថ្ងៃសៅរ៍ ទី៧-៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើងចតុមុខ (Walking Street) កន្លែងរូបសំណាក់តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងឱកាសនោះដែរ មានថតរូបភ្លាម បានភ្លាមដោយសេរី។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីអមដំណើរជាច្រើននាក់ ក៏មានវត្តមានក្នុងពិធីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នាផ្លូវថ្មើរជើងចតុមុខ (Walking Street) នារាត្រីនោះដែរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ។

ផ្លូវថ្មើរជើងមួយនេះកំពុងតែមានភាពពេញនិយមរហូតទទួលបានការគាំទ្រប្រជាជនខ្មែរ រួមទាំងជនជាតិបរទេស បានមកទស្សនា និងដើរលេងកំសាន្តយ៉ាងច្រើនកុះករ ពី១សប្តាហ៍ទៅមួយសប្តាហ៍។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជានាពេលកន្លងមកនេះ សម្ដេចធ្លាប់បានមានប្រសាសន៍ហើយថា សម្តេចនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ ទៅពិនិត្យ និងដើរលេងកំសាន្តនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ផងដែរ តែសម្តេចបវរធិបតី មិនបានបញ្ជាក់ថា នឹងអញ្ជើញទៅពេលណានោះទេ។

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី៧ និងទី៨ ខែមិថុនា ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានយកទស្សនីភាពសិល្បៈខ្មែរចំនួន២ ទៅសម្តែងលើផ្លូវថ្មើរជើងចតុមុខ (Walk Street) ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា នោះគឺរបាំប្រពៃណី គោះអង្រែ និងរបាំក្បាច់បុរាណ ក្បាច់បាតយក្ស។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាឱ្យបានច្រើនកុះករផងដែរ។

តាមរយៈភាពជោគជ័យមួយនេះ ផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីផ្លូវថ្មើរជើងនេះ បានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ។

គួររម្លឹកថាផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ដំណើរការសាកល្បង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕