(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកព័ត៌មានអាជីព មិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គម ឱ្យបង្កើនការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ ចែកចាយព័ត៌មាន ដោយជានិច្ចជាកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រលាញ់ប្រទេសជាតិ ប្រជាជន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ ត្រូវគិតគូរដល់ផលប៉ះពាល់ដែលអាចកើតមានឡើង និងផលវិបាកក្នុងរយៈពេលវែងចេញពីការរាយការណ៍នោះ។

បញ្ហាព័ត៌មានក្លែងក្លាយ កំពុងកើតមានឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសនាប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់មុំ៣ ជាប់ព្រំដែនខេត្តព្រះវិហារ។

ព្រមទាំងជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវឱ្យបង្កើនការសហការដើម្បីស្វែងរកការផ្តល់ព័ត៌មាន និងការបញ្ជាក់ពីប្រភពផ្លូវការត្រឹមត្រូវ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមុន និងមិនត្រូវឱ្យមានការបែកធ្លាយព័ត៌មានជាតិ ឬការសម្ងាត់ជាតិដោយប្រការណាមួយឡើយ ព្រោះវានឹងបណ្តាលឱ្យកើតមាននូវព្យសនកម្ម និងមហន្តរាយដល់ប្រជាជន សន្តិសុខ និងសង្គមជាតិទាំងមូល។

ការបន្តអំពាវនាវបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាការបញ្ជៀបការយល់ដឹង ទៅដល់សិស្សានុសិស្ស និងរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ»។ ដែលសហការជាមួយក្រសួងព័ត៌មាន អាជ្ញាធររាជធានីភ្នំពេញ និងអង្គការសមាគមយុវជនសង្គមស៊ីវិល នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយ កំពុងរីករាលដាលយ៉ាងខ្លាំងនៅទូទាំងពិភពលោក ខណៈកម្ពុជាក៏កំពុងជួបបញ្ហានេះផងដែរ ដែលបញ្ហានេះហើយទើបក្រសួងព័ត៌មានបានធ្វើនូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ រហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះ សូមអ្នកសារព័ត៌មានអាជីព មិនមែនអាជីព និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម យកព័ត៌មានដែលមានប្រភពផ្លូវការ សូមកុំផ្សព្វផ្សាយព័ត៌មានមិនពិតដែលមិនមានប្រភពច្បាស់លាស់យកទៅផ្សព្វផ្សាយបន្ត។

លោកបានបន្តថា ចំពោះការប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម តាមរយៈការផ្ទៀងផ្ទាត់នូវរាល់ព័ត៌មាន និងប្រភពនៃព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចែកចាយបន្តចៀសវាងដំណឹងនោះក្លែងក្លាយ និងបង្កការយល់ច្រឡំ ហើយធ្វើឱ្យមានការចលាចលក្នុងសង្គម ឬបង្កជាបញ្ហាដល់សុខសន្តិជាតិ។

ជាមួយនេះ អ្នកនាំពាក្យ ក៏បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន អាជ្ញាធរ ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងសិស្សានុសិស្ស ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការប្រឆាំងនូវព័ត៌មានក្លែងក្លាយ ដោយធ្វើយ៉ាងណាកុំឱ្យព័ត៌មានមិនពិតទាំងអស់នោះ កើតឡើងនៅក្នុងប្រទេសកម្ពុជាទៀត។ បញ្ហានេះ ត្រូវបានលោក ទេព អស្នារិទ្ធ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន កុំនាំគ្នាចែកចាយនូវព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ដែលនាំឱ្យបញ្ហាព្រំដែនកាន់តែមានកម្ដៅ រីករាលដាលកាន់តែធំ និងបញ្ឆេះកំហឹងរើសអើងជាតិសាសន៍។

លោក ទេព អស្នារិទ្ធ បានលើកឡើងថា យោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានមានសិទ្ធិទទួល/ផ្សាយព័ត៌មាន ដែលមិនបង្កមហន្តរាយដល់សន្តិសុខជាតិ មហន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ ចៀសវាងផ្សាយព័ត៌មានដែលមានគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។ ក្នុងន័យនេះការរាយការណ៍ស្តីពីបញ្ហាសន្តិសុខជាតិ ដោយសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មានលើបណ្តាញសង្គមក្តី ចាំបាច់ណាស់ត្រូវតែធ្វើឡើងដោយផ្អែកលើ និងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ និងត្រូវផ្សាយដោយគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ត់ចត់។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ដូច្នេះការរាយការណ៍លើប្រធានបទសន្តិសុខជាតិ ត្រូវឈរលើមូលដ្ឋាននៃភាពច្បាស់លាស់ ផ្តល់ព័ត៌មានមានភាពប្រកដប្រជា មានក្រមសីលធម៌ត្រឹមត្រូវ ហើយត្រូវព្យាយាមសហការស្វែងរកការបញ្ជាក់ និងផ្តល់ព័ត៌មានពីក្រសួងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាភាពអាចជឿទុកចិត្តបានសម្រាប់សាធារណៈជន និងធានាថាមិនបង្កបញ្ហាដល់ប្រជាជន សង្គមជាតិ តែត្រូវចូលរួមបញ្ចៀសរាល់ហានិភ័យនានាដែលអាចបង្កឱ្យមានទំនាស់ទាំងផ្ទៃក្នុងប្រទេស ឬជាមួយប្រទេសដទៃដែលយើងត្រូវរក្សាទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែង។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ចេញពីព្រឹត្តិការណ៍ថ្មីៗនេះ អ្នកសារព័ត៌មានគ្រប់រូបត្រូវដើរតួនាទីសំខាន់ខ្លាំងឡើងក្នុងការធានាថាការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនមិនបង្កឱ្យមានការភាន់ច្រឡំសាធារណៈ ដោយសារការផ្តល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬមិនបានស្រង់ព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួង សា្ថប័ន និងសមត្ថកិច្ចពាក់ព័ន្ធនោះ។ ដូច្នេះ ជានិច្ចជាកាល ត្រូវសហការស្វែងរកការផ្តល់ព័ត៌មាន ការឆ្លើយបញ្ជាក់ពីប្រភពផ្លូវការរបស់ក្រសួង ស្ថាប័ន ឬសមត្ថកិច្ចពាក់ព័ន្ធក្នុងវិស័យសន្តិសុខជាតិ និងប្រធានបទព្រំដែន៕