(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនតំណាងក្រុមហ៊ុន SBS និងក្រុម Influencer ដ៏ល្បី និងមានអ្នកគាំទ្រដ៏ច្រើននៅប្រទេសកូរ៉េ ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ជំនួបនេះ ក្នុងគោលបំណងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការគាំទ្ររួមទាំងកិច្ចសហការពី ក្រសួងទេសចរណ៍លើ គម្រោងនាំក្រុម Influencers ដ៏ល្បី និងមានអ្នកគាំទ្រជិត១លាននាក់ក្នុងម្នាក់មកថតពី សក្តានុពលទេសចរណ៍ដ៏ល្អៗ របស់កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ដ៏ល្អរបស់ក្រុមហ៊ុនដែលជួយបង្ហាញពី សក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសគឺការស្វែងយល់ច្បាស់ និងទំនុកចិត្តរបស់ក្រុមហ៊ុនពី ស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវិនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕