(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំចរចាជុំទី២ រវាងកម្ពុជា-សហរដ្ឋអាម៉េរិក ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នាថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី២ ស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និង សហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកស្រី Sarah Ellerman អនុប្រធានតំណាង ពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំចរចាជុំទី២ នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។ ភាគីទាំងពីរ គ្រោងនឹងរៀបចំកិច្ចប្រជុំចរចាជុំទី៣ នាពេលឆាប់ៗខាងមុខនេះ ដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕