(ភ្នំពេញ)៖ រហូតមកដល់រសៀល ថ្ងៃទី០៧ ខែមិថុនានេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជា បានបដិសេធមិនព្រមចរចារ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ «រហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ»

លោកបានបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ លោកកំពុងរង់ចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រះកែវ ចំពោះព័ត៌មានអំពី ការបិទច្រកព្រំដែនតំបន់ដោយភាគីថៃ ខាងលើនេះផងដែរ៕