(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ (ILO Better Work) នៃអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពិភាក្សាពីការគាំទ្រ និងការអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(ILO-BFC)។
ការលើកឡើងនេះ នៅក្នុងឱកាសដែល លោក សោម ចំណាន អញ្ជើញចូលរួមសន្និសីទអន្តរជាតិការងារប្រចាំឆ្នាំលើកទី១១៣ របស់អង្គការILO កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នាឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកម្មវិធី ILO-BFC ដែលកម្ពុជាជាប្រទេសទី១ បានអនុវត្តកម្មវិធីនេះ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងដៃគូពាក់ព័ន្ធ ហើយដែលបានជួយលើកកម្ពស់លក្ខខណ្ឌការងារនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ រហូតធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលប្រកបដោយការទទួលខុសត្រូវ។
បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ ក៏បានពិភាក្សាអំពីការបន្តគាំទ្រ និងអនុវត្តកម្មវិធី ILO-BFC នេះឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។
ជាការឆ្លើយតប លោកស្រីប្រធានកម្មវិធីការងារកាន់តែប្រសើរ (ILO Better Work) របស់អង្គការអន្តរជាតិខាងការងារ (ILO) បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឱ្យការអនុវត្តកម្មវិធី ILO-BFC នៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រហូតដល់ប្រទេសជាច្រើនផ្សេងទៀតបានយកជាគំរូតាមក្នុងការអនុវត្តកម្មវិធី ILO-BFC ដោយគ្រាន់តែប្តូរឈ្មោះទៅជា Better Work វិញសម្រាប់យកទៅអនុវត្តនៅប្រទេសពួកគាត់។
ភាគីទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តពង្រឹងប្រសិទ្ធភាព និងបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា៕