(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បាននៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងអំពីគម្រោងធំៗ និងសំខាន់ៗជាច្រើន ដែលខេត្តរតនគិរីកំពុងដំណើរការសិក្សា និងសាងសង់ ដើម្បីជំរុញដល់ការរីកម្រើនក្នុងខេត្ត ងាយស្រួលបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

លោក ញ៉ែម សំអឿន បានបញ្ជាក់ថា គម្រោងដែលកំពុងដំណើរការសិក្សា និងសាងសង់រួមមានផ្លូវក្រវ៉ាត់ព្រំដែន, អាកាសយានដ្ឋានលំផាត់ ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់លើផ្ទៃដី ១ ៩០៥ហិកតា, គម្រោងវិនិយោគវារីអគ្គីសនី ស្រែពកក្រោម៣ និងស្ថានីយ៍ថាមពលដើរ ដោយពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពផលិតថាមពល សរុប ៨០០មេហ្កាវ៉ាត់, ការកសាងហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ និងការបង្កើតច្រកទ្វារព្រំដែន ជាមួយខេត្តអត្តពឺ ប្រទេសឡាវ និងច្រកទ្វារព្រំដែនជាមួយខេត្តកន្ទូម ប្រទេសវៀតណាម។

គម្រោងផ្សេងៗទៀតរួមមាន៖ គម្រោងសាងសង់អគារសាលាខេត្តថ្មី ដែលស្ថិតនៅបរិវេណអតីតព្រលានយន្តហោះខេត្ត, គម្រោងពង្រឹងផ្លូវជាតិលេខ៧៨ និងបច្ចុប្បន្នរដ្ឋបាលខេត្តកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន ដោយបានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាព ទិន្នន័យ សក្តានុពល ផ្ទៃដីកសិកម្ម កសិ-ឧស្សាហកម្មនិងទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគ និងដើម្បីឆ្លើយតប ចំពោះកម្មវិធីពិសេស ជំរុញការវិនិយោគខេត្តទាំងបួន ភូមិភាគឦសាន (២០២៥-២០២៨) របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានប្រសិទ្ធផល និងមានប្រសិទ្ធភាពខ្ពស់។

ការលើកឡើងរបស់លោក ញ៉ែម សំអឿន ធ្វើឡើងក្នុងឱកាសចូលរួមក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្តបានលើកឡើងផងដែរ សមិទ្ធផលមួយចំនួនដែលខេត្តសម្រេចបានរួមមាន​ ការសាងសង់វិមានឯករាជ្យ សម្រេចបាន៨០%, ការសាងសង់ផ្លូវបេតុង និងផ្លូវកៅស៊ូ នៅជុំវិញបឹងកន្សែង, ការសាងសង់អគារមន្ទីរសុខាភិបាលខេត្ត នៅក្នុងបរិវេណអតីតព្រលានយន្តហោះខេត្ត ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងទឹកប្រាក់ជាង ៣លានដុល្លារ, ការកសាងរូបសំណាកគ្រួសារដំរី រូបសំណាកសត្វអក, ការសាងសង់អាស្រមលោកតា ប៊ូ ជួង លោកតា ខាំឡែន, បន្តសាងសង់បណ្ណាល័យសាធារណៈ នៅបរិវេណណបឹងកន្សែង ដែលជាអំណោយឧបត្ថម្ភរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងការតម្លើងទូរទស្សន៍ LED នៅបរិវេណនៅបឹងកន្សែង ដើម្បីចាក់ផ្សាយព្រឹត្តិការណ៍ផ្សេងៗរបស់ថ្នាក់ដឹកនាំ។

លោកអភិបាលខេត្តបានឱ្យដឹងទៀតថា ខេត្តរតនគិរីមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចសរុបចំនួន ២៧ក្រុមហ៊ុន ក្នុងនោះវិនិយោគដោយក្រុមហ៊ុនវៀតណាមចំនួន១៣ ក្រុមហ៊ុនចិន៣ ក្រុមហ៊ុនឥណ្ឌា ១ និងក្រុមហ៊ុនក្នុងស្រុកចំនួន១០។

សម្រាប់វិស័យកសិកម្ម ខេត្តនេះមានដំណាំកៅស៊ូ ៧០ ៩៩៦ហិកតា, ដំណាំស្វាយចន្ទី៩៨ ៤៣៦ហិកតា, ដំណាំដំឡូងមី ១៨ ៣០៨ហិកតា, ដំណាំទុរេនជាង ១ ២០០ហិកតា, ដំណាំចេកអំបូងលឿងជាង ៤ ០០០ហិកតា និងមានកសិដ្ឋានចិញ្ចឹមគោចំនួន ២៨ ៦៤២ក្បាល។

សម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តមានរមណីដ្ឋាន និងតំបន់ទេសចរណ៍ជាច្រើន សម្រាប់បម្រើសេវាកម្ម ការកម្សាន្ត និងសម្រាកលំហែរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានដូចជារមណីដ្ឋានបឹងកន្សែង, បឹងយក្សឡោម, បឹងលម្កុដ, បឹងយក្សម៉ាយ, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់កាទៀង, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់អូរស៊ិនលែ និងរមណីដ្ឋានផ្សេងៗជាច្រើនទៀត។ ដើម្បីបង្កើនការចាប់អារម្មណ៍ពីភ្ញៀវទេសចរ រដ្ឋបាលខេត្តបានតុបតែងភ្លើងលម្អ និងបានបំពាក់បន្ថែមបង្គោលភ្លើងបំភ្លឺ នៅតាមដងផ្លូវក្នុងក្រុងបានលុង កាន់តែលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពនាពេលរាត្រីផងដែរ៕