(រតនគិរី)៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។

រតនគិរីជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយជិត ៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បើទោះបីខេត្តមួយនេះស្ថិតនៅឆ្ងាយ​យ៉ាង​​ណាក្តី តែក្រោមនយោបាយលើកកម្ពស់ ការអប់រំក្រោមការដឹកនាំរបស់​សម្តេច​តេជោ ហ៊ុន សែន តាំងពីក្រោយកម្ពុជារំដោះចេញពីរបបប្រល័យពូជ​សាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មកនោះ ការអប់រំនៅក្នុងរតនគិរី ក៏​ទទួល​បានការយក​ចិត្តទុកដាក់ខ្ពស់ផងដែរ។

ដើម្បីផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ទទួលបានការអប់រំ​មួយល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើការងារអប់រំត្រូវបានពង្រឹង និង​ពង្រីកជាបន្ទាប់ ដូចជាការបង្កើតសាលាថ្មី ការសាងសង់អគារសិក្សា អគារ​ស្នាក់នៅ អគារទីចាត់ការ អគារពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

របាយការណ៍របស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹង​ថា នៅទូទាំងខេត្តនាពេលបច្ចុប្បន្ននេះ មានមត្តេយ្យសិក្សាគ្រប់រូបភាព​ចំនួន ២២៨កន្លែង, បឋមសិក្សាចំនួន២៣៨, អនុវិទ្យាល័យចំនួន២២, វិទ្យា​ល័យ​ចំនួន១៨ និងសាលាឯកជនចំនួន៥០៦កន្លែង។ ចំនួន​សិស្ស​សរុប ៦៣.៥២៣​នាក់ ស្រី៣១,០២២នាក់ ក្នុងនោះសិស្សជនជាតិដើម​ភាគ​តិច ២៧,៤៧៣នាក់ ស្រី ១៣,៤៧៨នាក់ និងបុគ្គលិកអប់រំសរុប ចំនួន ១,៧១៩នាក់ ស្រី ៧៧៩នាក់។

ខេត្តបានរៀបចំគាំទ្រសាលារៀនស្ដង់ដាគំរូសាធារណៈចំនួន ៤០កន្លែង ក្នុង​​នោះ មត្តេយ្យសិក្សា ១កន្លែង បឋមសិក្សា ២៤កន្លែង និងមធ្យមសិក្សា​១៥​កន្លែង ព្រមទាំងរៀបចំគាំទ្រការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ អប់រំ​ចំនួន ៣កន្លែងគឺ មត្តេយ្យសិក្សា ១កន្លែង និងវិទ្យាល័យ ២កន្លែង។

របាយការណ៍ បានបង្ហាញផងដែរថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯក​ជន​នៅក្នុងខេត្តរតនគិរី បើធៀប៥ឆ្នាំមុនកើនឡើង ៨២សាលា ចំនួនសិស្ស​កើនឡើង ៤,១៧០នាក់ ស្រី ១,៩៨១នាក់។

កាលពីឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី​កម្ពុជា ពេលអញ្ជើញចុះជួបមន្ត្រីរាជការនៅតាមខេត្ត សម្តេចបានឆ្លៀតចុះ​តាម​​សាលារៀន ហើយបានផ្តល់ជាអគារសិក្សា អគារស្នាក់នៅ អគារ​ទី​ចាត់​ការ និងហេរចនាសម្ព័ន្ធនៅតាមសាលានានារាប់ពាន់ខ្នង។ ខេត្តរតនគិរី ក៏ត្រូវបានសម្តេចតេជោ ផ្តល់នូវអគារនានាជាច្រើនផងដែរ។

លោកអភិបាលខេត្តរតនគិរី បានឱ្យដឹងថា គិតមកទល់ពេលនេះ​សំណង់​អគារ​សិក្សាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន មានចំនួន ៤៨ខ្នង ស្មើនឹង ៣០២បន្ទប់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអប់រំផ្សេងៗទៀត។ ក្នុងនោះ​សំណង់​​ហេដ្ឋា​រចនាសម្ព័ន្ធអប់រំដែលមិនទាន់បានធ្វើពិធីសម្ពោធមាន ២៦​កន្លែង និងខ្លោងទ្វារចំនួន ៤កន្លែង រួមមាន៖ អគារ​សិក្សាចំនួន ១៤កន្លែង ស្មើនឹង ១១០បន្ទប់ អាគារទីចាត់ការចំនួន ៨កន្លែង ស្មើនឹង ៣២បន្ទប់ អគា​រ​សយនដ្ឋានចំនួន ៥កន្លែង ស្មើនឹង ៩១បន្ទប់ អគារពិសោធន៍ ចំនួន ១កន្លែង ស្មើនឹង ៥បន្ទប់។

តាមរយៈការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុ​ប្បន្នធ្វើឱ្យការងារអប់រំក្នុងខេត្តរតនគិរី មានការវិវឌ្ឍយ៉ាងល្អប្រសើរ ពោល​កា​រ​សិក្សាអប់រំនៅក្នុងខេត្តនេះមិនស្ថិតនៅឆ្ងាយដូចចម្ងាយដីរបស់ខេត្ត​ពី​រាជធានីភ្នំពេញនោះឡើយ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល៥ឆ្នាំ ចុងក្រោយ ខេត្តរតនគិរីទទួលបានលទ្ធផលដូចតទៅនេះ៖ សិស្សជាប់និទ្ទេស A ចំនួន ៣២នាក់, និទ្ទេស B ចំនួន ២១០នាក់, និទ្ទេស C ចំនួន ៨៣៤នាក់, និទ្ទេស D ចំនួន ១.៨៨២នាក់ និងនិទ្ទេស E ចំនួន ១,៩២៧នាក់។

សិស្សប្រលងជាប់សរុប ៤,១៨៣នាក់ ក្នុងនោះសិស្សជា​ជនជាតិដើម​ភាគ​តិចចំនួន ២,០០១នាក់។ បើធៀបនឹង ៥ឆ្នាំមុនមានសិស្សប្រឡងជាប់​ត្រឹម​តែ ៥១៨នាក់៕