(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហេង សុខគង់ ប្រធានក្រុមការងារសម្របសម្រួលវិស័យសុខាភិបាលខេត្តកំពង់ស្ពឺ រួមជាមួយតំណាងមន្ទីរសុខាភិបាលខេត្ត និងប្រធានមណ្ឌលសុខភាពឃុំផុង បាននាំយកសារចូលរួមរំលែកទុក្ខ រួមជាមួយបច្ច័យរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ មកជូនដល់លោកស្រី សាង ចំណាន ភរិយាលោកគ្រូពេទ្យ ជុំ ប៊ុណ្ណា អនុប្រធានមណ្ឌលសុខភាពឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលទើបទទួលមរណភាពកាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដោយរោគាពាធ។
ក្នុងឱកាសនោះ ក្រុមការងារក៏បានអុជធូបបួងសួងឧទ្ទិសកុសលជូនដល់សពលោកគ្រូពេទ្យ ជុំ ប៊ុណ្ណា និងសូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានសួរសុខទុក្ខ និងរំលែកទុក្ខជូនដល់ភរិយា និងក្រុមគ្រួសារទាំងអស់ នៃសពផងដែរ។
នេះជាកាយវិការយកចិត្តទុកដាក់ប្រកបដោយទឹកចិត្តស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត និងផ្តល់ភាពកក់ក្តៅបំផុតរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់នៅខេត្តកំពង់ស្ពឺ ដែលជានិច្ចកាលតែងរួមសុខទុក្ខប្រៀបដូចជាក្រុមគ្រួសារផ្ទាល់របស់លោក៕