(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​ជាប្រធានអាជ្ញាធរទន្លេសាប​ បានអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការបង្កើត​មជ្ឈមណ្ឌលជាតិ​គ្រប់គ្រងទិន្នន័យ​ធនធានទឹក និង​ប្រព័ន្ធព័ត៌មានធនធានទឹកនៅកម្ពុជា នាព្រឹកថ្ងៃទី៦​ ខែ​មិថុនា ឆ្នាំ​២០២៥នេះ នៅសណ្ឋាគារសាន់&មូន​។

នៅក្នុង​ពិធី​សិក្ខាសាលាថ្នាក់ជាតិនេះ មាន​​ការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​ JYOTSANA Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា ព្រមទាំង​លោក លោកស្រី ភ្ញៀវជាតិនិង​អន្តរជាតិ​ ជាច្រើនរូប។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា​ ការបង្កើតមជ្ឈមណ្ឌលជាតិ​គ្រប់គ្រង​ទិន្នន័យធនធានទឹក​​ និងប្រព័ន្ធព័ត៌មានធនធានទឹក​ ​​គឺ​ជាការ​ចាប់ផ្ដើមបោះជំហានដ៏សំខាន់​មួយទៀត​របស់ក្រសួងធនធានទឹក និងឧតុនិយម​ ក្នុងការ​ផ្តល់នូវការព្យាករធាតុអាកាសប្រចាំថ្ងៃ និងការព្យាករអំពីហានិភ័យនានាមានជាអាទិ៍ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ប្រកបដោយប្រសិទ្ធភាពខ្ពស់​ ដើម្បីមានជាវិធានការ ការពារអាយុជីវិត ទ្រព្យសម្បត្តិ​ និងគាំពារបរិស្ថានសង្គម ព្រមទាំង​ចូល​រួមចំណែកប្រកបដោយចីរភាព បង្ការ ទប់ស្កាត់ កាត់បន្ថយ​គ្រោះមហន្តរាយពីធម្មជាតិ ជាពិសេសការពង្រឹង​កិច្ចសហប្រតិបត្តិការជាតិ​ និងអន្តរជាតិស្តីពីជលវិទ្យា ឧតុនិយម​ និងអាកាសធាតុ៕