(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ​ស្តីពីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្រ្តីជំនាញជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ដើម្បីពិនិត្យទៅលើខ្លឹមសារមួយចំនួន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ជាធាតុចូល ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ មានសង្គតិភាពទៅនឹងច្បាប់ដទៃ គ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពបច្ចេកទេស និងគតិយុត្តពាក់ព័ន្ធជាធរមាន៕