(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទ អ.ស.ប ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។
ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» សម្តេចបវរធិបតីនឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានា នៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។
ការចូលរួមរបស់កម្ពុជា បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹក)៕