(ភ្នំពេញ)៖ ក្រសួងព័ត៌មាន ជូនដំណឹងដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ដោយបញ្ជាក់ថា កន្លងមកនេះមានការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រមទាំងបានប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។
ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផលអវិជ្ជមាន នៃការប្រើប្រាស់ផលិតផលបំប៉នសុខភាព និងឱសថដែលគ្មានប្រភពច្បាស់លាស់ ក្រសួងព័ត៌មាន សូមអំពាវនាវ និងស្នើសុំម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់ចូលរួមសហការ និងអនុវត្តដូចខាងក្រោម៖
ទី១- បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងលុបមាតិកា ដែលបានផ្សព្វផ្សាយកន្លងមកពាក់ព័ន្ធនឹងផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ទី២- រាល់ការផ្សព្វផ្សាយផលិតផលឱសថ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ជីកា និងមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
អាស្រ័យហេតុនេះសូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងសាធារណជនទាំងអស់មេត្តាជ្រាប និងចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់៕