(ភ្នំពេញ)៖ លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជា ណារ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំគណៈប្រតិភូ ដើម្បីទៅចូលរួមកិច្ចប្រជុំលើកទី៩៦ នៃគណៈកម្មាធិការប្រតិបត្តិនៃមូលនិធិពហុភាគីសម្រាប់អនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។

កិច្ចប្រជុំមានសមាជិកចូលរួមប្រមាណ១០០នាក់ ជាសមាជិកគណកម្មការប្រតិបត្ដិ នៃលេខាធិការដ្ឋានមូលនិធិពហុភាគីសម្រាប់ពិធីសារម៉ុងរ៉េអាល់ អង្គការឧស្សាហកម្មសហប្រជាជាតិ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ អង្គការបរិស្ថានសហប្រជាជាតិ ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍មួយចំនួន។

នាឱកាសនេះដែរ លោក ប៉ាក សុខារ៉ាវុត បានបង្ហាញលទ្ធផលសង្ខេបនៃកិច្ចប្រជុំដូចខាងក្រោម៖

១- លោកស្រីប្រធានលេខាធិការដ្ឋានមូលនិធិថវិកាពហុភាគី បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារនិងការផ្តល់ថវិកាសម្រាប់អនុវត្ដគម្រោងដល់ទីភ្នាក់ងារអនុវត្ដ និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសកំពុងអភិវឌ្ឍ និងរបាយការណ៍ទាក់ទងទៅនឹងការបង់វិភាគទានរបស់ប្រទេសអភិវឌ្ឍ តុល្យភាពថវិកា និងថវិកាគ្រោងសម្រាប់ឆ្នាំ២០២៦-២០២៧ និង២០២៨ ជួយដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការអនុវត្ដពិធីសារម៉ុងរ៉េអាល់ ជាពិសេសការអនុវត្តវិសោធនកម្មទីក្រុងគីហ្កាលី។

២- កិច្ចប្រជុំបានពិនិត្យវាយតម្លៃការអនុវត្តនៃទីភ្នាក់ងារក្នុងការអនុវត្ដពិធីសារម៉ុងរ៉អាល់ (UNDP, UNEP, UNIDO, World Bank) ក្នុងការអនុវត្ដផ្នែកសេវាកម្ម និងផែនការលុបបំបាត់សារធាតុ HCFCs ដែលបាននឹងកំពុងអនុវត្ដ ធ្វើជាបទពិសោធន៍ក្នុងការអនុវត្ដវិសោធនកម្មទីក្រុងគីហ្កាលី ឱ្យទទួលបានជោគជ័យ។

៣- លេខាធិការដ្ឋានមូលនិធិថវិកាពហុភាគី បានធ្វើរបាយការណ៍អំពីស្ថានភាពនៃការផ្ញើររបាយការណ៍ទិន្នន័យ ស្តីពីការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន តាមកម្មវិធីសម្រាប់ប្រទេសនីមួយៗ (country programme(CP))។ ប្រទេសភាគច្រើនបានផ្ញើររបាយការណ៍ទិន្នន័យ តាមកាលកំណត់ និងមានប្រទេសមួយចំនួនតូច របាយការណ៍មានភាពខុសគ្នារវាងទិន្នន័យកម្មវិធីជាតិ (Country Program) និងទិន្នន័យដែលបានផ្ញើទៅលេខាធិការដ្ឋានអូហ្សូន តាមមាត្រាទី៧។

ក្នុងនោះអង្គប្រជុំមានការព្រួយបារម្ភពីការប្រើប្រាស់សារធាតុត្រជាក់អន្តរកាលនៅក្នុងការអនុវត្ដផែនការកាត់បន្ថយសារធាតុ HFC ដែលអាចធ្វើឱ្យប្រទេសមួយចំនួនអាចនឹងត្រូវចាត់ថ្នាក់ជាប្រទេសដែលមិនអនុលោមតាមកតព្វកិច្ចជាភាគីនៃវិសោធនកម្មទីក្រុងគីហ្កាលី ក្នុងការកាត់បន្ថយកាប្រើប្រាស់សារធាតុ HFC។ អង្គប្រជុំបានស្នើសុំទីភ្នាក់ងារអនុវត្តគម្រោងទាំងអស់ពីភាក្សាជាមួយប្រទេសដើម្បីដោះស្រាយភាពមិនស៊ីគ្នារវាងទិន្នន័យទាំងពីរ និងជំរុញឱ្យពិនិត្យកែសម្រួលទិន្នន័យ ឱ្យបានត្រឹមត្រូវឡើងវិញ។

៤- អង្គប្រជុំបានអនុម័តសេចក្តីសម្រេចផ្តល់ថវិកាសម្រាប់គម្រោង ពង្រឹងសមត្ថភាពស្ថាប័នចំនួន៧ គម្រោងលុបបំបាត់សារធាតុ HCFCs ចំនួន១៥ និងគម្រោងសាកល្បងដែលទាក់ទងនឹងមូលនិធិបង្វិល (Revolving fund) លើប្រសិទ្ធភាពចំនួន៩ ដែល៥គម្រោង ជាគម្រោងសកល ក្នុងការបណ្ពុះបណ្ដាល និងពង្រឹងសមត្ថភាពមន្រី្ដអូហ្សូន និងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្ដពិធីសារម៉ុងរ៉េអាល់ ឱ្យទទួលបានជោគជ័យ។

៥- អង្គប្រជុំបានអនុម័តសម្រេចផ្តល់ថវិកាលើគម្រោងវិនិយោគចំនួន៤ ក្នុងការផ្លាស់ប្ដូរ ការផលិតឧបករណ៍ត្រជាក់ និងម៉ាស៊ីនត្រជាក់ពីប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន ទៅសារធាតុជំនួសវិញ ដែលសារធាតុទាំងនេះដាច់ខាតត្រូវតែជាសារធាតុមានសក្តានុពលបំផ្លាញស្រទាប់អូហ្សូនិងសក្តានុពលកំដៅសកលទាប ឬសូន្យ និងសន្សំសំចៃថាមពលខ្ពស់។

៦- អង្គប្រជុំបានពិភាក្សាលើក្របខណ្ឌការងារសហប្រតិបត្តិការ ដោយពិនិត្យបន្ថែមអំពីទិដ្ឋភាពស្ថាប័នក្នុងការអនុវត្ដគម្រោង និងសកម្មភាពដែលត្រូវអនុវត្តដោយប្រើប្រាស់មូលនិធិពហុភាគីសម្រាប់បង្កើនប្រសិទ្ធភាពថាមពលលើបច្ចេកវិទ្យានៅក្នុងវិស័យផលិតកម្ម និងសេវាកម្ម នៅក្នុងកំឡុងពេលអនុវត្ដផែនការអនុវត្ដវិសោធនកម្មទីក្រុងគីហ្កាលីក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុ HFCs។

៧- អង្គប្រជុំបានអនុម័តសម្រចផ្តល់ថវិកាសម្រាប់រៀបចំ និងអនុវត្ដផែនការអនុវត្ដវិសោធនកម្មទីក្រុងគីហ្កាលី(Kigali Implementation Plan) ចំនួន៩គម្រោងដល់ប្រទេសដែលកំពុងអភិវឌ្ឍក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFC) ដើម្បីធានាថាការប្រើប្រាស់សារធាតុនេះនឹងត្រូវកាត់បន្ថយឱ្យបាន១០ភាគរយ នៅឆ្នាំ២០២៩ ពីកម្រឹតមូលដ្ឋាននៃឆ្នាំ២០២០-២០២២។ ដោយភ្ជាប់ការអនុវត្តផែនការអនុវត្តវិសោធនកម្មទីក្រុងគីហ្កាលី ក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុHFC (KIPs) ទៅនឹងការអនុវត្តផែនការលុបបំបាត់សារធាតុ HCFC ជៀសវាងការអនុវត្តជាន់គ្នា និងគួរប្រើប្រាស់សារធាតុជំនួសសារធាតុ HCFC ជាសារធាតុដែលមានសក្ដានុពលកម្ដៅសកលទាប ឬសូន្យ។

អង្គប្រជុំស្នើឱ្យប្រទេសទាំងអស់រៀបចំគោលនយោបាយ និងផែនការលើការប្រើប្រាស់ឧបករណ៍ដែលមានផ្ទុក ឬប្រើប្រាស់សារធាតុបំផ្លាញស្រាទាប់អូហ្សូន ដោយគួរប្រើប្រាស់សារធាតុជំនួសដែលមានសក្ដានុពលកម្តៅសកលទាប ឬសូន្យ៕