(ហ័ងសាន-ចិន)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសការវិនិយោគនៅខេត្តព្រះសីហនុ។

វេទិកាខាងលើក៏មានការចូលរួមសហការរៀបចំដោយលោក ចាន់ រតនា ប្រធានសមាគមលើកកម្ពស់អភិវឌ្ឍន៍កម្ពុជា-អាស៊ាន, លោក លី ឆីងលុង អនុប្រធានសមាគមប្រចាំខេត្តអានហ៊ួយ និងរដ្ឋបាលខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។

លោកអភិបាលខេត្តក៏បានអញ្ជើញធុរជន និងវិនិយោគិន នៃប្រទេសជាសមាជិក RCEP និងបណ្តាប្រទេសផ្សេងៗទៀត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ បានថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងវេទិកាសន្ទនារវាងអ្នកវិនិយោគចិន ក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅទីក្រុងហ័ងសាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះអភិបាលខេត្តព្រះសីហនុ ក៏បានបានធ្វើបទអន្តរាគមន៍អំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ សក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុ ជូនទៅដល់អ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិក RCEP ក្នុងវេទិកា។

លោកអភិបាលខេត្តលើកឡើងថា រដ្ឋបាលខេត្តធានាជូនអ្នកវិនិយោគនូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈស្របតាមច្បាប់ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារវិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង។

ជាមួយគ្នានេះដែរ លោកក៏បានលើកពីទស្សនៈ និងគោលដៅរបស់ខេត្តគឺ «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ»។

លោក ម៉ាង ស៊ីណេត មានសុទិដ្ឋិនិយមថា វេទិកានេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន និងប្រទេសជាសមាជិក RCEP ទាំងអស់ក្នុងការសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា៕