(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត និងពិនិត្យលើបាតុភូតិធម្មជាតិ ស្ថានភាពអាកាសធាតុក្នុងតំបន់ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងដល់សាធារណជនអំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងដូចនេះថា

១៖ ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖ នៅក្នុងខែឧសភា ប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូតអែនសូ (ENSO Neutral) ១០០%។ ចាប់ពីខែមិថុនា ដល់ខែកញ្ញា បាតុភូតអែលនីណូ (El Niño) ១០% បាតុភូតអែនសូ (ENSO Neutral) បានថយចុះជាបន្តបន្ទាប់ពី ១០០% មកនៅ ៦០% ដែលជាបាតុភូតចន្លោះរវាងបាតុភូតអែលនីណូ និងឡានីញ៉ា (La Niña) ហើយបាតុភូតឡានីញ៉ា អាចនឹងកើនឡើងពី១០% ទៅ៣០%។ លក្ខណៈបែបនេះនឹងធ្វើឱ្យទឹកនៅក្នុងអាងទន្លេមេគង្គ រួមទាំងក្នុងប្រទេសកម្ពុជាផងមានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀង ធ្លាក់ច្រើនដែលអាចបណ្តាលឱ្យកើត​មានជំនន់ទឹកភ្លៀងនៅតាមស្ទឹង និងដៃទន្លេ។

២៖ ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប៖
* ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ប្រហាក់ប្រហែល និងខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣០ម៉ែត្រ
* ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ប្រហាក់ប្រហែល និងខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៥៨ម៉ែត្រ
* ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣៩ម៉ែត្រ និងខ្ពស់ជាងមធ្យមច្រើន ឆ្នាំប្រមាណ ០,២៩ម៉ែត្រ
* ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ប្រហាក់ប្រហែល និងទាបជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣០ម៉ែត្រ
* បឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៥៥ម៉ែត្រ។

ផ្អែកតាមលក្ខណៈខាងលើស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ២០២៥នេះគឺ ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ រីឯទន្លេមេគង្គក្នុងខេត្តកំពង់ចាម ទឹកមានកម្ពស់ទាបជាង និងខ្ពស់ ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច ចំណែកឯទឹកទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប គឺទាបជាងមធ្យមច្រើនឆ្នាំ។

៣៖ ការព្យាករទឹកជំនន់ទន្លេមេគង្គ លើកទី១ ៖ យោងលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគលើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមានិងអតិបរមា ព្រមទាំងវិភាគលើវដ្តទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុមុខ ទឹកអាចមានកម្ពស់អតិបរមា ៩,០៥ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម៕