(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់លក់ម៉ូតូតាមបណ្ដាញទំនាក់ទំនងសង្គម ដោយបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ឈ.ណ.រ ភេទប្រុស។
តាមរយៈការស្រាវជ្រាវសមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានទិញគណនីហ្វេសប៊ុក ដើម្បីធ្វើការផ្សព្វផ្សាយលក់ម៉ូតូ តាមអនឡាញ និងបានឆបោកជនរងគ្រោះដែលបានបញ្ជាទិញម៉ូតូចំនួន០៣គ្រឿង ក្រោមរូបភាពទៅកន្លែងលក់ម៉ូតូ សម្ដែងធ្វើជាទិញ និងថតរូបផ្ញើទៅជនរងគ្រោះឱ្យជឿជាក់ និងតម្រូវឱ្យទូទាត់ប្រាក់ជាមុនតាម QR code ទ្រូម៉ាន់នី ទីបំផុតមិនបានប្រគល់ម៉ូតូ និងបានផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការទិញទំនិញតាមអនឡាញផ្សេងៗ សូមពិនិត្យ និងវិភាគឲ្យបានជាក់លាក់ពីប្រភពនៃការទិញលក់ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។