(ភ្នំពេញ)៖ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា ក្រសួងទេសចរណ៍ នៅតែចាត់ទុកការចូលរួមពីបណ្ដាដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ជាកត្តាសំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងទាក់ទាញពីបណ្ដាភ្ញៀវជាតិ និងអន្ដរជាតិ។

លោកបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសផ្ដល់កិច្ចសម្ភាសពិសេសជាមួយបណ្ដាញព័ត៌មាន Fresh News ស្តីពី «ក្ដីរំពឹងនៃការទទួលភ្ញៀវទេសចរចិន ក្រោយដំណើរទស្សនកិច្ច របស់ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅកម្ពុជា»

មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានអះអាងថា រហូតមកដល់ខែឧសភានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ប្រកបដោយការយកចិត្តទុកដាក់ និងទទួលផ្លែផ្កា។

បើតាមលោកបណ្ឌិត ជុក ជំនោរ, ក្រសួងទេសចរណ៍ បានដាក់ចេញនូវសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការចំនួន៦ ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖

*ទី១៖ កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន
*ទី២៖ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានី-ខេត្ត
*ទី៣៖ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក
*ទី៤៖ កិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជានៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក
*ទី៥៖ កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន
*ទី៦៖ ការចូលរួមពីបុគ្គលម្នាក់ៗ ដែលជាកោសិកាទ្រទ្រង់ និងទទួលផលប្រយោជន៍ពីវិស័យទេសចរណ៍។

លោកបណ្ឌិត ជុក ជំនោរ បានបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍កម្ពុជា ជាវិស័យអាទិភាព និងជាចរន្ដសេដ្ឋកិច្ចជាតិដ៏សំខាន់ដោយផ្អែកលើទិសស្លោកចំនួន៣រួមមាន៖

*ទី១៖ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ (ទិសស្លោករបស់សម្តេចតេជោ)
*ទី២៖ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព! (ទិសស្លោករបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី)
*ទី៣៖ បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! (ទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍)៕