(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានបើកយុទ្ធនាការ ដាំដើមឈើជំហាន២ ចំនួន១២ម៉ឺនដើម មាន១៤ប្រភេទដើមឈើ លើផ្ទៃដីទំហ៊ុំ២៦៧ហិកតា ដើម្បីស្តារបរិស្ថានឡើងវិញ នៅតំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណដីវាលក្បែរផ្លូវជាតិលេខ៥៥ តំបន់អន្ទង់អាំង ដោយមានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក Sven Sewell ប្រធានផ្នែកបរិស្ថាន តំណាងក្រុមហ៊ុន Renaissance Minerals (Cambodia) Limited, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរដែនដី, មន្ត្រីរាជការ, ក្រុមយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោក Sven Sewell ប្រធានផ្នែកបរិស្ថាន តំណាងក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានមានចំណាប់អារម្មណ៍ និងមតិស្វាគមន៍រួចមក, លោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានលើកឡើងថា ការបើកយុទ្ធនាការ ដាំដើមឈើជំហាន២នេះ ក៏មិនខុសពីឆ្នាំមុន ក្នុងគោលបំណងចូលរួមអបអរសារទរ ខួបទី២៩ នៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក។ លោកបន្តថា ការដាំដើមឈើជំហានទី១ មានសរុបចំនួន៥ម៉ឺនដើម ដែលមានចំនួន១៤ប្រភេទដើមឈើ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ៥៥ហិកតា ដោយបានដាំជួសរួចរាល់ ហើយលូតលាស់បានល្អ។ ដោយឡែកការដាំដើមឈើនាថ្ងៃនេះ គឺជាជំហានទី២ សរុបចំនួន១២ម៉ឺនដើម មាន១៤ប្រភេទដើមឈើ លើផ្ទៃដីទំហ៊ុំសរុប២៦៤ហិកតា មានដូចជា៖ បេង, ប្តៀក, ខ្លឹមចាន់, ស្តៅ, នាងនួន, ធ្នង់, គ្រញូង, ត្រយឹង, ឈើទាល, ត្របែកព្រៃ, ពពេល, កកោះ, អង្កាញ់ និងរំដួល។
លោកបានបន្ថែមថា ដើមចងនៃការដាំដើមឈើនៅទីនេះ គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់តាំង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្ត ដើម្បីដោះស្រាយ និងរៀបចំតំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ឱ្យក្លាយជាកន្លែងអភិរក្សព្រៃឈើ សម្រាប់ទេសចរគយគន់ទស្សនា និងជាពិសេសស្តារឡើងវិញ នូវទីតាំងដែលត្រូវបានទន្ទ្រាន និងកាន់កាប់ដោយខុសច្បាប់។
លោកបានបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល ក្រោមកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជាក្រុមហ៊ុនអូស្ត្រាលី បាននឹងកំពុងធ្វើអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បានរៀបចំក្រុមការងារចម្រុះ ធ្វើការដាំស្តារបរិស្ថាននៅតំបន់នេះឡើងវិញ និងបានចុះពិនិត្យ ដាំស្លាកណែនាំ ព្រមទាំងថែទាំជាប្រចាំ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះក្រុមការងារថ្នាក់ជាតិ រួមទាំងក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលបានបន្តយកចិត្តទុកដាក់ ជុំរុញឱ្យខេត្តពោធិ៍សាត់មានវឌ្ឍនភាពជាបន្តបន្ទាប់ ជាពិសេសតំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០។ ជាការពិតណាស់ថា ការដាំដើមឈើស្តារឡើងវិញ ទាំងជំហាន១ និងជំហាន២ គឺដោយមានការគាំទ្រ ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited។
ក្នុងនាមរដ្ឋបាលខេត្ត លោកបាននឹងកំពុងខិតខំយកចិត្តទុកដាក់ចូលរួមសហការ ជាមួយក្រុមការងារថ្នាក់ជាតិ និងក្រុមហ៊ុន ដោយបានប្តេជ្ញាបំផុសឱ្យគ្រប់មន្ទីរអង្គភាព អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងស្រទាប់យុវជន ធ្វើការដាំដើមឈើបន្ថែម នៅតាមខ្នងផ្ទះ ទីសាធារណៈ ពិសេសតំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ឱ្យមានភាពស្រស់បំព្រង សម្រាប់ទេសចរចូលមកគយគន់ទស្សនា។
លោកក៏សូមអំពាវនាវ ដល់គ្រួសារដែលមិនទាន់ទទួលយកការដោះស្រាយ សូមងាកមកទទួលយកដំណោះស្រាយពីអាជ្ញាធរ ដើម្បីមានឱកាសទទួលបានផលប្រយោជន៍ ដូចគ្រួសារដែលបានទទួលយក ជុំវិញសំណងផលប៉ះពាល់ នៃគម្រោងអភិរក្សតំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០៕