(ស្វាយរៀង​)៖ លោក លឹម សៀងហេង អភិបាល​ក្រុង​បាវិត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយ​ចែកជូនប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

លោក លឹម សៀងសៀង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងសប្បុរសជនដែលបានផ្តល់ជាសម្ភារ និងថវិកាជូនដល់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលនេះ។

អភិបាលក្រុងបាវិត បានគូសបញ្ជាក់ថា ថ្វីត្បិតអំណោយដែលនាំយកមកចែកជូននាពេលនេះ មិនគ្រប់គ្រាន់តាមតម្រូវការពិតមែន តែក៏អាចជួយសម្រួលដោះស្រាយជីវភាពបានមួយគ្រាផងដែរ។​

ជាមួយគ្នានេះ លោក លឹម សៀងហេង បានថ្លែងអំណរគុណសប្បុរសជនដែលតែងតែចូលរួម​ឧបត្ថម្ភ​ជា​សម្ភារជាថវិកា​តាមរយៈលោក ដើម្បី​ចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា ដែលមានជីវភាបខ្វះខាតនៅក្នុងមូលដ្ឋាន ក្រុងបាវិតជាញឹកញាប់ផងដែរ។

បន្ថែមលើសពីនេះ លោកអភិបាលក្រុងបាវិត បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវថែសុខភាពឲ្យបានល្អ ព្រោះរដូវនេះជារដូវវស្សាហើយនៅពេលមានភ្លៀងផ្គររន្ទះត្រូវ​បិទ ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ និង​វត្ថុ​ដែលងាយបង្កគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ​ ព្រមទាំងត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើស្រែឲ្យបានទាន់ពេលវេលាក្នុងរដូវវស្សានេះ។

សូមបញ្ជាក់ថា អំណោយដែលយកមកចែកជូនទាំង១០០គ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម មីមួយកេះ ទឹក​ត្រីមួយយួរ ទឹកសុី​អុីវមួយយួរ ​និងថវិកា៥០០០០រៀលផងដែរ៕