(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យសិក្សាទៅលើការកសាងតំបន់ភ្នំព្រះរាជទ្រព្យនេះ ឲ្យរឹតតែល្អស្អាតឡើង ដោយប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តឲ្យរឹតតែច្រើនឡើងៗ។

គ្រាដែលដែលចុះពិនិត្យគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ កាលពីថ្ងៃទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥, អភិបាលខេត្តបានថ្លែងថា តំបន់ភ្នំព្រះរាជទ្រព្យគឺជារមណីយដ្ឋាន មួយបែបប្រវត្តិសាស្ត្រ ដូច្នេះយើងត្រូវតែអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់នេះ ឱ្យប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងសម្រាប់រៀបចំនៅពិធីបុណ្យជាតិធំៗក្នុងតំបន់នេះផងដែរ។

លោកបានបន្ថែមថា ក្រៅពីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យប្រទាក់ក្រឡាគ្នាហើយនោះ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ត្រូវតែមានសោភ័ណភាព មានរុក្ខជាតិបៃតងចំរុះ បន្ថែមពីនេះរដ្ឋបាលខេត្តកណ្ដាល បានត្រៀមរៀបចំនូវឧទ្យានសាធារណៈ និងលំហបៃតង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយនៅតំបន់នេះផងដែរ ហើយការរៀបចំឱ្យមានឧទ្យានសាធារណៈ និងលំហរបៃតងនេះ ក្រោមការផ្ដួចផ្ដើមពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដី៕