(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្នុងស្មារតីគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសន្តិសុខជាតិ និងការពារព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើការឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ជូនដល់កងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

ការឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាច និងបញ្ជាក់នូវស្មារតី «ខ្មែរស្រលាញ់ខ្មែរ» ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿនការពារជាតិរបស់កម្ពុជា។ បងប្អូនកងទ័ព គឺជាបងប្អូនខ្មែររួមជាតិដែលបានលះបង់សុភមង្គលក្នុងជីវិតគ្រួសារ និងការសប្បាយផ្ទាល់ខ្លួន ដោយសុខចិត្តចាកឆ្ងាយពីមនុស្សជាទីស្រលាញ់ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាព ជាតិមាតុភូមិ និងសុខសុវត្ថិភាព សន្តិភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀតការឧបត្ថម្ភនេះ ជាការឆ្លើយតបជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ និងកសាងប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាព ឯករាជ្យភាពជាតិ និងសាមគ្គីភាពជាតិផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកក្នុងសកម្មភាពសង្គម ដែលសកម្មភាពនេះ ​គឺជាបេសកកម្មដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តបានយ៉ាងល្អខ្ជាប់ខ្ជួន ក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញ។ រាល់ការអំពាវនាវរបស់សម្តេចប្រធានព្រឹទ្ធសភា និងរបស់សម្តេចនាយករដ្ឋមន្ត្រីឱ្យចូលរួមគាំទ្រ ដល់គំនិតផ្តួចផ្តើមផ្សេងៗរបស់សម្តេច គឺក្រុមហ៊ុនហនុមានប៊ែវើរីជីស តែងតែចូលរួមយ៉ាងសកម្មជានិច្ច។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដួងព្រលឹងនៃបុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបតែសុខសុវត្ថិភាព មានសុខភាពរឹងប៉ឹង កំលាំងមាំមួនដើម្បីបន្តការពារបូរណភាពទឹកដី មានជោគជ័យលើខ្មាំងសត្រូវឈ្លានពានឱ្យវាវិនាសខ្ចាត់ខ្ចាយ ពីទឹកដីសុវណ្ណភូមិជាទីស្នេហារបស់យើងកុំបីខាន៕