(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយបំភ្លឺជុំវិញចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពាក់ព័ន្ធនឹងការចង់បានភ្លើងបំភ្លឺផ្លូវនៅលើផ្លូវល្បឿនលឿននេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឆ្លើយតបនឹងមតិយោបល់របស់សាធារណជនពាក់ព័ន្ធ​នឹងការបំពាក់ភ្លើងបំភ្លឺ​តាមដងផ្លូវល្បឿនលឿននេះ លោក ផន រឹម បានបញ្ជាក់ដូចនេះថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ មានដូចជា៖

១៖ ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើក​ភ្លើងបំភ្លឺផ្លូវ​ខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។

២៖ ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតិឱ្យអ្នកថ្មើរជើង ទោចក្រយាន(កម្លាំងក្រោម៥០០CC) ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់បួនប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺផ្លូវជាធម្មតា គឺរចនាឡើងដើម្បីសម្រួល​ដល់អ្នកថ្មើរជើរ និងទោចក្រ ឬត្រីចក្រយានក្នុងករណីគ្មានពន្លឺបញ្ចាំង ឬខ្សោយពន្លឺ។

៣៖ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ព្រមទាំងគិតគូរអំពីបរិស្ថាន និងផលប៉ះពាល់ផ្សេងៗជាយថាហេតុ ម៉្យាងវិញទៀតបង្គោលភ្លើងត្រូវមានចន្លោះកំណត់ ពន្លឺដែលបំភ្លឺតាមផ្លូវអាចមានការបំភ្លឺមិនស្មើគ្នា ខ្លះភ្លឺខ្លះងងឹត។ ក្នុងការបើកបរដោយល្បឿនលឿន ការប្រែប្រួលពន្លឺបែបនេះអាចធ្វើឱ្យភ្នែកអស់កម្លាំង ឆាប់ហត់ និងបង្កការងងុយក្នុងការបើកបរ ដែលអាចបណ្តាលឱ្យមានហានិភ័យលើសុវត្ថិភាពចរាចរណ៍។
ការមិនដំឡើងអំពូលភ្លើងបំភ្លឺតាមដងផ្លូវគឺជាការអនុវត្តតាមគោលការណ៍និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ៕