(ភ្នំពេញ)៖ ក្នុងគោលដៅសម្រេចឱ្យបាននូវគោលនយោបាយអាទិភាព ក្នុងការចុះបញ្ជីដីបង្ហើយសេវាគាប់ចិត្ត និងបរិយាកាសស្រះស្រួលគ្នា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានជំរុញការងារវាស់វែងចុះបញ្ជីដីរដ្ឋនឹងដីឯកជន និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង, គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តាមបណ្តារាជធានី-ខេត្ត ទទួលបានលទ្ធផលដូចខាងក្រោម៖

*វាស់វែងបានចំនួន ១៣,៣៣៧,៥០៧ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបនៅទូទាំងប្រទេសចំនួន ១៣,៦៥១,៩៦៣ក្បាលដី

*ចេញបណ្ណបានចំនួន ៨,៤៥៩,៦១៩បណ្ណ

*ចែកបណ្ណ បានចំនួន ៧,៨៤២,៥៨៧បណ្ណ

*ម្ចាស់មិនទាន់មកទទួលបណ្ណចំនួន ២៣៥,៤៦០បណ្ណ

*បណ្ណជាប់ពន្ធប្រថាប់ត្រាទិញលក់ចំនួន ១៨៦,១៣២បណ្ណ

*បណ្ណជាប់ពន្ធសូន្យចំនួន ១៩៥,៤៤០បណ្ណ

*ក្បាលដីមិនទាន់បានរ៉ាស់វែងសរុបចំនួន ៣១៤,៤៥៦ក្បាលដី។

ក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីធ្លីបានចុះបញ្ជីរួចរាល់ ហើយពុំទាន់បានទទួលបណ្ណកម្មសិទ្ធិ សូមមេត្តាទំនាក់ទំនងក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ក្នុងការទទួលយកបណ្ណកម្មសិទ្ធិដែលបានចេញរួចរាល់។

ជាមួយគ្នានេះដែរ ក្រសួង ដ.ន.ស. សូមជម្រាបជូនសាធារណជនផងដែរថាមកទល់ពេលនេះ មានខេត្តចំនួន ១៣ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមាន ខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ មណ្ឌលគិរី កែប ព្រះសីហនុ តាកែវ កណ្តាល ព្រះវិហារ និងខេត្តព្រៃវែង ក្នុងនោះខេត្តចំនួន០៧ គឺខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់។

ដោយឡែករាជធានី-ខេត្តចំនួន ១២ទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់ នាពេលខាងមុខឆាប់ៗនេះ ហើយការចុះបញ្ជីនិងការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្តបន្ទាប់ស្របតាមនីតិវិធី។

ទន្ទឹមនឹងនេះ ចំពោះម្ចាស់ក្បាលដីដែលពុំបានចូលរួម ក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនាពេលកន្លងមក អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីបំពេញបន្ថែមជាក្រោយបាន។ ម្យ៉ាងទៀត ចំពោះក្បាលដីដែលកំពុងមានវិវាទ អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីបាននៅពេលករណីវិវាទនោះត្រូវបានដោះស្រាយចប់សព្វគ្រប់ ជាស្ថាពរតាមនីតិវិធី៕