(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគម តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA) និងសហការី នៅស្នាក់ការកណ្តាលធនាគារ ABA។
ថ្លែងក្នុងជំនួបនេះ លោកអនុប្រធាន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអរគុណពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ចំពោះគណៈគ្រប់គ្រងធនាគារ ដែលតែងតែបាន និងកំពុងចូលរួមឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត។
បន្ថែមពីនោះ លោកបានគូសបញ្ជាក់ថា សកម្មភាពដ៏សប្បុរសនេះ បានចូលរួមកាត់បន្ថយគម្លាត នៃខួរក្បាល ពោលគឺបានផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា ទទួលបានការអប់រំ កាន់តែប្រសើរ និងប្រកបដោយគុណភាព ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ឱ្យស្របទៅតាមតម្រូវការនៃការវិវត្តនៃសង្គម និងជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៥ គឺជាលើកទី៤ ដែលធនាគារ ABA បានចូលរួមជាមួយសមាគម អ.ម.ត តាមរយៈការឧបត្ថម្ភថវិកា សម្រាប់រយៈពេល៤ឆ្នាំ (ក្នុងមួយឆ្នាំ ចំនួន១០ម៉ឺនដុល្លារ) ដែលនេះបានបង្ហាញពីឆន្ទៈ ចូលរួមជាមួយសមាគម អ.ម.ត ក្នុងការពង្រឹង និងកសាងសមត្ថភាពសិស្ស-និស្សិត ឱ្យទទួលបានជំនាញមួយយ៉ាងច្បាស់លាស់ សំដៅរួមចំណែកដល់ការកសាងមូលធនមនុស្សនៅកម្ពុជា៕