(ភ្នំពេញ)៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា បានថ្លែងថា ពិព័រណ៍ដ៏ធំមួយឈ្មោះថា «សួស្តីឥណ្ឌូនេស៉ី» នៅពាក់កណ្តាលខែមិថុនានេះ ក៏នឹងបង្ហាញឱកាសអាហារូបករណ៍ទៅសិក្សានៅឥណ្ឌូនេស៉ីផងដែរ។
លោកបានលើកឡើងបែបនេះ នៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៉ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៉ី និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៉ី។
ស្ថានទូតឥណ្ឌូនេសុីប្រចាំនៅកម្ពុជា នឹងរៀបចំពិព័រណ៍ដ៏ធំ «សួស្តីឥណ្ឌូនេសុី Sousdey Indonesia» នៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ K-L កោះពេជ្រ ភ្នំពេញ។
បើតាមលោកឯកអគ្គរដ្ឋទូត ពិព័រណ៍នេះ នឹងអនុញ្ញាតឲ្យមហាជនស្វែងរកឱកាសអាជីវកម្ម ផលិតផល ម្ហូបឥណ្ឌូនេសុី វប្បធម៌ និងឱកាសអាហារូបករណ៍ទៅសិក្សា នៅប្រទេសឥណ្ឌូនេស៊ី ផងដែរ។
សូមជម្រាបថា គិតមកដល់ពេលនិស្សិតកម្ពុជា កំពុងសិក្សានៅឥណ្ឌូនេស៊ី មានប្រមាណ ២០០នាក់។
កន្លងមកស្ថានទូតឥណ្ឌូនេស៊ី បានរៀបចំការតាំងពិព័រណ៍អស់១៥លើក ហើយតាមរយៈពិព័រណ៍នេះ នឹងជួយពង្រឹងបន្ថែមក៏ដូចជាផ្លាស់ប្ដូរគ្នារវាងវប្បធម៌ កម្ពុជា-ឥណ្ឌូនេស៊ី ទាំងទំនៀមទម្លាប់ វប្បធម៌ ចំណេះដឹង ការអប់រំ ជាដើម។
លើសពីនេះទៅទៀត នៅក្នុងការតាំងពិព័រណ៍នេះផងដែរ នឹងបានជួយឲ្យប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌូនេស៊ី កាន់តែមានទំនាក់ទំនងរឹងមាំ និងជិតស្និទ្ធ៕