(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងនៅពហុកីឡាដ្ឋានមរតជាតិតេជោ នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថានល្អប្រសើរ ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធព្រះរាជពិធីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីជូនដំណឹងថា ដើម្បីឱ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នជុំវិញទីតាំង ប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពី គល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ០៥និង០០នាទី រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។
សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើ មេត្តាជ្រាប និងស្នើសុំយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីតាមកាលបរិច្ឆេទ ដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕