(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យមានការពង្រឹង និងពង្រីកបន្ថែមនូវអនុត្តរភាពរបស់ស្ត្រី ជាពិសេសការធ្វើអនុត្តរភាពនៅក្នុងវិស័យសេដ្ឋកិច្ច ដែលនឹងជួយឱ្យស្ត្រីកាន់តែមានសមត្ថភាពខ្លាំងឡើងនៅក្នុងវិស័យសេដ្ឋកិច្ច ហើយនឹងអាចចូលរួមចំណែកជួយក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំដូចនេះនាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងជំនួបជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រីបណ្ឌិត អ៉ឹង កន្ថាផាវី ។
បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដែលជាគោលដៅសំខាន់របស់សម្តេចក្នុងការជួយពង្រឹង និងពង្រីកនូវអនុត្តរភាពរបស់ស្ត្រី ពោលគឺការធ្វើឱ្យស្ត្រីមានភាពខ្លាំង និងជួយឱ្យស្ត្រីមានអំណាចនៅក្នុងគ្រប់វិស័យ។
លោក ជា ធីរិទ្ធ បានបន្ថែមថា សម្តេចតេជោ ហ៊ុន បានសង្គត់ធ្ងន់ដោយចាប់ផ្តើមនូវការធ្វើអនុត្តរភាពរបស់ស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ច ដែលសំដៅចង់ឱ្យស្ត្រីកាន់តែខ្លាំងឡើងនៅក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការក្តោបនៅក្នុងសេចកិច្ចគ្រួសារខ្លួន ដើម្បីឈានដល់ការលើកកម្ពស់ នឹងធ្វើឱ្យស្ត្រីកាន់តែមានឥទ្ធិពលបន្ថែមទៀត ដូចទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងក្នុងការជួយលើកស្ទួយស្ត្រីនាពេលច្ចុប្បន្ននេះ។
លោកបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃថាយ៉ាងយូរបំផុត ២០ ទៅ ៣០ឆ្នាំទៀត ប្រទេសកម្ពុជា សម្រាប់ឥទ្ធិពលរបស់ស្ត្រី អនុត្តរភាពរបស់ស្ត្រីនឹងកាន់តែខ្លាំងឡើងហើយការចូលរួមចំណែករបស់ស្ត្រីនៅក្នុងការអភិវឌ្ឍប្រទេសជាតិ មិនតិចជាងបុរសនោះឡើយ តាមរយៈការពង្រឹងនូវអនុត្តរភាពរបស់ស្ត្រី៕