(ក្រចេះ)៖ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានថ្លែងឲ្យដឹងថា មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងសេវាឯកជន ជាតួអង្គសំខាន់ណាស់ ក្នុងគ្រប់គ្រងទុកដាក់ និងណែនាំការចោលសំណល់វេជ្ជសាស្រ្ដឲ្យបានត្រឹមត្រូវ
និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការលើកឡើងបែបនេះរបស់វេជ្ជបណ្ឌិត ងី ប៊ុនឡែន ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ ពីសេវាថែរទាំសុខភាពជាមួយសេវាសុខាភិបាលសាធារណៈ និងឯកជនក្នុងខេត្តក្រចេះ រៀបចំឡើង ឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះក៏មានការចូលរួមពីវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងចូលរួមពីសេវាឯកជន មណ្ឌលសុខភាពទូទាំងខេត្តព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន បានថ្លែងថា «សំណល់វិជ្ជសាស្ត្រគឺជាសំណល់ ដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំង លើអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិពោល បង្ករឱ្យមានការពុល ការចម្លងមេរោគ ការរាតត្បាតនៃជំងឺផ្សេងៗ ប្រសិនបើគ្មានការគ្រប់គ្រង និងបង្ការទុកជាមុន ដូច្នេះការទុកដាក់សំណល់វេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវគឺ ជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពកង្វក់ និងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងបរិស្ថាន។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានចែករំលែកពីបទពិសោធន៍ ចំពោះការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ក្នុងខេត្តត្បូងឃ្មុំ ប្រកបប្រសិទ្ធភាព និងភាពជោគជ័យជូនដល់អ្នកចូលរួម អាចយកទៅអនុវត្តន៍ផងដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា «ឥទ្ធិពលនៃការប៉ះពាល់ ដល់សុខភាព និងបរិស្ថានបណ្ដាលមកពីកង្វះការគ្រប់គ្រង់សំណល់ ពីសេវាថែទាំសុខភាព។ ក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានរៀបចំប្រកាសមួយ ក្នុងការពង្រឹងនិយ័តកម្មនៃ ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាពផងដែរ»។
សូមបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត ដោយក្រុមហ៊ុន ប៊ុនលាង លី គ្លូប៊ល បានចូលរួមចំណែក ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុខភាព មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ទើបក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល បានសម្រេចចិត្តដាក់ទុនវិនិយោគលើកាប្រមូលដឹកជញ្ជូន និងធ្វើប្រព្រឹត្តកម្មសំណល់វេជ្ជសាសស្ត្រ៕