(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការ​ពារ​ប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួប​សម្ដែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងជំនួបនោះ អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការ​កងទ័ពប្រជាជន​វៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ​ ចូលជួបសម្ដែងការគួរសម។ លោក​អនុរដ្ឋមន្ត្រីបានអបអរសាទរ​ចំពោះ​ការ​សម្រេចបាន​នូវ​សមិទ្ធផលយ៉ាងច្រេីនរបស់កម្ពុជា​ និងបានវាយតម្លៃខ្ពស់​ចំពោះ​ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី។

លោកអនុរដ្ឋមន្ត្រី បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់​សម្តេច​មហា​បវរធិបតី, កម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន​បន្ថែមទៀត ជាពិសេស​ កម្ពុជានឹងសម្រេចបានជោគជ័យក្នុងការ​អនុវត្ត​យុទ្ធ​សាស្ត្របញ្ចកោណ-ដំណាក់កាលទី១​ និងកាន់តែមាន​កិត្យានុភាព​ក្នុង​តំបន់ និងលើឆាកអន្តរជាតិ។

លោកអនុរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និង​យូរអង្វែង​រវាងវៀតណាម និងកម្ពុជា និងបានគូសរំលេចថា ជំនួបជាញឹក​ញាប់​រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បាន​និងកំពុងជំរុញទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការកាន់តែដ៏ល្អលើគ្រប់វិស័យ។

លោកអនុរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្តេចមហាបវរធិបតី អំពីលទ្ធផល​ប្រកបដោយផ្លែផ្កានៃជំនួបរវាងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម​ ជាមួយនឹងគណៈប្រតិភូអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងនោះ កងទ័ពទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិ​បត្តិ​ការ​លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។

លោកបានសង្កត់ធ្ងន់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺ​ជា​សរសរស្ដម្ភមួយដ៏សំខាន់ ក្នុងការរួមចំណែកពូនជ្រំទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែរឹងមាំ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាង​កក់​ក្តៅចំពោះអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ​ ដែលបានអញ្ជើញមកបំពេញ​ទស្សន​កិច្ចនៅកម្ពុជា។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់អំពី​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងសម្តែង​សេចក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃប្រទេសទាំងពីរលើវិស័យសំខាន់ៗផ្សេងទៀត ដូច​ជា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញពាណិជ្ជកម្ម និងកិច្ចសហ​ប្រតិ​បត្តិ​ការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន​ ជាដេីម។

សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់​កងទ័ព​វៀតណាម ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា​ នៅក្នុងវិស័យការ​ពារជាតិ ដែលជាការរួមចំណែកជំរុញការផ្សារភ្ជាប់ទំនាក់​ទំនងរវាង​ប្រជា​ជន​ និងប្រជាជន​នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

សម្តេចមហាបវរធិបតី បានអបអរសាទរចំពោះសមិទ្ធផល​នៃកិច្ចសហប្រតិ​បត្តិការរវាងប្រទេស និងកងទ័ពនៃប្រទេស​ទាំងពីរ​ និងបានគូសបញ្ជាក់ពី​ការ​បន្ត​ពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​នៃ​ប្រទេសទាំងពីរ​ ឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចមហាបវរធិបតីក៏បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត​ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន​ នៃប្រទេសទាំងពីរ៕