(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសកាកបាទក្រហម ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបន្តអញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះចំនួន៤០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបុរី ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ៊ុំ ពូ មីងចាស់ជរា និងបានរៀបចំអំណោយជួយគាំទ្រ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

លើសពីនេះ លោករដ្ឋមន្រ្តី បានកោតសរសើរការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការីសាខាកាកបាទក្រហម ជាពិសេសប្អូនៗយុវជននៅតាមភូមិ-ឃុំ និងលើកទឹកចិត្តបន្តចលនានេះឱ្យបានជាប់លាប់គ្រប់ទីកន្លែង សំដៅលើកកម្ពស់ជីវភាព និងការរស់នៅឱ្យបានល្អប្រសើរ។

ជាទីបញ្ចប់លោករដ្ឋមន្ត្រី បានផ្តាំផ្ញើអង្គពិធីត្រូវថែរក្សាសុខភាពឱ្យបានល្អ មានការរស់នៅស្អាត និងក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម៕