(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានផ្តល់ការគិតគូរថ្មីមួយចំនួន ដើម្បីបញ្ជ្រាបតួនាទីស្ត្រីឱ្យបានកាន់តែច្រើននៅរដ្ឋបាលក្រោមជាតិ និងអំណាចផ្នែកសេដ្ឋកិច្ច។
នៅព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រីបណ្ឌិត អុឹង កន្ថាផាវី ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅវិមាន៧មករា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើទៅនាយករដ្ឋមន្ត្រី កំណត់កូតាអភិបាលរងក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរងរាជធានី-ខេត្ត យ៉ាងតិចបំផុតចំនួន២រូប ដែលបច្ចុប្បន្នមានត្រឹម១រូប។
បន្ថែមពីលើនេះ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានណែនាំឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើសុំយោបល់ពីសម្តេចនាយករដ្ឋមន្ត្រី ជាពិសេសឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឱ្យផ្តល់កូតាដល់ស្ត្រីយ៉ាងតិចបំផុត៥០ភាគរយ នៅពេលមានការជ្រើសរើសមន្ត្រីរាជការ។ សម្រាប់សម្តេចតេជោ ការកំណត់បែបនេះក្នុងគោលដៅផ្តល់ឱកាសដល់ស្ត្រី បានចូលរួមចំណែកក្នុងការបម្រើរាជរដ្ឋាភិបាល និងជាមន្ត្រីរាជការមានចំនួនកាន់តែច្រើនឡើង។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការគិតគូរលើកកម្ពស់អនុត្តរភាពរបស់ស្ត្រីក្នុងផ្នែកសេដ្ឋកិច្ចផងដែរ។ សម្តេចតេជោ បានបង្ហាញប៉ានស្មានថា យ៉ាងយូរបំផុត ២០ឆ្នាំ ទៅ៣០ឆ្នាំខាង ឥទ្ធិពលរបស់ស្ត្រីក្នុងផ្នែកសេដ្ឋកិច្ច នឹងកាន់តែខ្លាំងឡើង ដែលជាចំណែកដ៏ខ្លាំងក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាគ្រួសារ។
តាំងពីពេលនៅជានាយករដ្ឋមន្ត្រី, សម្តេចតេជោ ហ៊ុន សែន តែងផ្តល់ការគិតគូរខ្ពស់បំផុតចំពោះស្ត្រី ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាព និងតួនាទីរបស់ស្ត្រីនៅក្នុងសង្គម។
ការគិតគូររបស់សម្តេចតេជោខាងលើនេះ ជាការចូលរួមចំណែកយ៉ាងធំធេង ដើម្បីជួយដល់ស្ត្រីនៅកម្ពុជា។ ការគិតគូរនេះ ក៏ទទួលបានបានការគាំទ្រយ៉ាងខ្លាំងក្លា និងអរគុណក្រៃលែងពីសំណាក់ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានបង្ហើបគម្រោងជួបជាមួយប្រតិភូសហគ្រិនជាស្ត្រីទ្រង់ទ្រាយធំ ដើម្បីផ្តល់ការគិតគូរ និងអនុសាសន៍ជំរុញស្ត្រីឱ្យចូលរួមកាន់តែសំខាន់ក្នុងតួនាទីសេដ្ឋកិច្ចជាតិ៕